Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ចំនួន​៣ ដាក់​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស នៅក្នុង​ដែនអាកាស​កម្ពុជា​

​ភ្នំពេញ​៖ វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ នាំ​ផ្លូវអាកាស​នៅក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរក្រសួង រវាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គម​ន៏ និង ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​។​ពិធី​ចុះហត្ថលេខា​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នា​ទីស្តីការ ក្រសួង​ព័ត៌មាន ។​

​ក្រោយ​ចុះហត្ថលេខា ស្ដីពី «​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស នៅក្នុង​ដែនអាកាស​នៃ​កម្ពុជា​» នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ រដ្ឋមន្ត្រីក្រសួង​ចំនួន​៣ បាន​ប្តេជ្ញា នឹង​រៀបចំ​គោលការណ៍​ស្តងដារ ដើម្បី​ធ្វើយ៉ាងណា​មិនឱ្យ​ការឆ្លង​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស កើតឡើង​ជាពិសេស​នៅក្នុង​តំបន់​ហោះហើរ ក្នុង​ដែនអាកាស​របស់​ប្រទេស​កម្ពុជា​។​

​ប្រកាស​រួម​ស្តីពី «​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍​ប្រព័ន្ធ ឧបករណ៍​វិទ្យុ​នាំ​ផ្លូវ អាកាស​នៅក្នុង​ដែនអាកាស នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» មាន​គោលបំណង​ត្រួតពិនិត្យ​ទប់ស្កាត់​និង​លុបបំបាត់​ការប្រើប្រាស់​ហ្វេ​កង់​ស៍​វិទ្យុ ដែល​បង្ក​ការឆ្លង​រំខាន​ចូល​ហ្វេ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​ផ្លូវអាកាស របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​។​

​ប្រកាស​នេះ​ក៏មាន​គោលដៅ ទប់ស្កាត់​និង​លុបបំបាត់​រាល់​ការប្រើប្រាស់​ហ្វេ​កង់​ស៍ វិទ្យុ និង​គ្រឿង​សម្ភារ ឧបករណ៍ បរិក្ខារ​វិទ្យា​គមនាគមន៍​ខុសច្បាប់ ខុស​បទដ្ឋាន​បច្ចេកទេស ដែល បង្ក​ឱ្យ​កើតមាន​ការឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ នាំ​ផ្លូវអាកាស​នៅ ក្នុង​ដែន អាកាស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ -​ធានា​សុវត្ថិភាព​ការប្រើប្រាស់​ហ្វេ​កង់​ស៍​វិទ្យុ សម្រាប់ ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស ប្រកបដោយ​ប្រសិទ្ធភាព​- បង្កើន​កិច្ចសហការ រវាង ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ដើម្បី​ផ្លាស់ប្តូរ ព័ត៌មាន​និង​ធ្វើការ សិក្សា​ស្រាវ ជ្រាវ ចាត់វិធានការ​ទប់ស្កាត់​និង​លុបបំបាត់​ការឆ្លង​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧ​បករ​ណ៏ វិទ្យុ​នាំ​ផ្លូវ អាកាស​បាន​ទាន់ពេលវេលា​។​

​នៅក្នុង​ប្រការ ៤ នៃ​សេចក្តីប្រកាស​រួម​នេះ គឺ តម្រូវឱ្យ​ក្រសួង​ព័ត៌មាន ក្រសួង​ប្រៃ ស​ណី​យ៍ និង​ទូរគមនាគមន៍ និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ត្រូវ​ចាត់តាំង អង្គភាព ជំនាញ​ជា​សេនាធិការ​ធ្វើ​កិច្ចសហការ ស្រាវជ្រាវ​ស្វែងរក​ប្រភព​នៃ​ការឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស ដើម្បី​ចាត់វិធានការ​បាន​ទាន់ពេលវេលា​និង​មាន ប្រសិទ្ធភាព ។​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍ថា កាលពីមុន​នៅ​កម្ពុ​ជាមាន​យន្តហោះ​ក៏​តិច ហើយ​វិទ្យុ ក៏​តិច តែ​ឥឡូវ​មាន​ចំនួន​ច្រើន ស្ថានីយ៍​វិទ្យុ​ជាង​រាប់រយ ហើយ​វិទ្យុ​ខ្លះ​បានធ្វើការ សន្សំសំចៃ​លុយ បាន​ទិញ​ឧ​បករ​ណ៏​ដែល​មិនមាន​ស្តង់ដា ការ​តម្លើង​ខ្វះ​បច្ចេកទេស ត្រឹមត្រូវ​ដែល​ធ្វើឱ្យ​ការផ្សាយ ឆ្លងទៅ​ប្រព​ន្ធ័​ឧ​បករ​ណ៏​វិទ្យុ​បញ្ជា​យន្តហោះ ដែលជា​ការ បង្ក​គ្រោះថ្នាក់​ធ្ងន់​ណាស់​ដល់​សុវត្ថិភាព​នៃ​ការហោះហើរ របស់​យន្តហោះ​។ នៅក្នុង​រដូវភ្លៀង ក៏មាន​ការប៉ះពាល់​ទៅ​និង ហ្វ្រេ​កង់ វិទ្យុទាក់ទង អាយកូម របស់​ក្រុម​អ្នក​ចាក់​ភ្នាល់​ទឹកភ្លៀង​ផងដែរ ដែលជា​ការព្រួយបារម្ភ​។ ដូច្នេះហើយ​ទើប​មានការ បង្កើតជា​ក្រុមការងារ​អន្តរក្រសួង ដែល មាន​ស្ថាប័ន​ទាំង ៣ រួមគ្នា ដើម្បី​មាន​វិធានការ ច្បាស់លាស់ ក្នុងការ​ទប់ស្កាត់​ឱ្យបាន​ទាំង ស្រុង​ពី​ការឆ្លង​រំខាន ដើម្បី​ជាការ​រក្សា​សុវត្ថិភាព​ជូន​ដល់​ភ្លៀវ​ដែល​ធ្វើដំណើរ​តាម យន្តហោះ​។​

​ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ មានប្រសាសន៍​បញ្ជាក់ថា កិច្ចការងារ​ខាងលើនេះ គឺ​យើង​បានធ្វើ ជាច្រើន​ឆ្នាំ​មកហើយ តែ​នៅមាន​ផល​លំបាក​ជាច្រើន ហើយ​បច្ចុប្បន្ន នៅ​កម្ពុជា មាន​ក្រុមហ៊ុន អាកាសចរ​ណ៏​ចំនួន ៤០ ក្រុមហ៊ុន និង​មានការ​កើនឡើង​នូវ​វិទ្យុផ្សាយសំលេង​ចំនួន​ច្រើន រលកធាតុអាកាស​នៃ​ការផ្សាយ ស្ថិតនៅ​ចន្លោះ​ក្បែរៗ​គ្នា ច្រើន ដែលនាំឱ្យ​មានការ​ឆ្លង​មក ប្រព័ន្ធ​បញ្ជា​យន្តហោះ ដែល​ពេលនោះ​មិន​អាចធ្វើ​ទំនាក់ទំនង​គ្នា​បាន គឺជា​ហានិភ័យ​ខ្ពស់​សម្រាប់​អ្នកបើកបរ​យន្តហោះ ក្នុងការ​ចុះចត ។ បើសិន​ជាមាន​បញ្ហា​នេះ​កើតឡើង​មែន​ភាព​អា​មាស់ធំ​បំផុត​ធ្លាក់​មកលើ​ប្រ​ទស​កម្ពុជា​តែម្តង​។​

ដូច្នេះ​នាឱកាស​នេះ ទើប​ស្ថាប័ន​ទាំងបី​បានរួម​សហការគ្នា​ធ្វើ​កិច្ចការ​បច្ចេកទេស​ឱ្យដល់​កម្រិត​ណាមួយ ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា ដើម្បី​បម្រើ​ដល់​សេវាកម្ម​លើ​អាកាស ឱ្យ​ទទួលបាន​សុវត្ថិភាព ដោយ​មិន​ចង់​ឃើញថា បញ្ហា​គ្រោះថ្នាក់​ដែល​ពាក់​ព​ន្ធ័​លើ​វិស័យ អាកាសចរណ៍ បង្កឡើង​ទាក់ទង​វិស័យ​វិទ្យុផ្សាយសំលេង នៅ​ផ្ទៃដី​ទៅលើ​អាកាស​យាន្ត ដែល កំពុង​ប្រតិបត្តិការ​នៅលើ​ដែនអាកាស​នោះទេ ។​

​ឯកឧត្តម រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​បញ្ជាក់ថា ចាប់ពី​ឱកាស​នេះ​ទៅ ស្ថាប័ន​ទាំង ៣ នឹង រួមគ្នា​ជាមួយ ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​កិច្ចការងារ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ ក្នុងការ​បម្រើ​ដល់​វិស័យ អាកាសចរណ៍​ឱ្យ​ទទួលបាន​សន្តិសុខ សុវត្ថិភាព និង​ភាពជា​ពាណិជ្ជកម្ម សម្រាប់​បម្រើ​ដល់​ផលប្រយោជន៍ ដល់​រាជរដ្ឋាភិបាល​។

​ឯកឧត្តម ជា វ៉ាន់​ដេ​ត មានប្រសាសន៍​លើកឡើងថា តាមរយះ​សេចក្តីប្រកាស​រួម​រវាង​ស្ថាប័ន ទាំងបី នឹង​រៀបចំ​គោល​ការ​ណ៏ និង​ស្តង់ដា ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​ឆ្លង​រំ​ខា​នេះ កើតមានឡើង ពិសេស​ក្នុង​តំបន់​ហោះហើរ ដែនអាកាស​ប្រទេស​កម្ពុ​ជា ព្រោះ​ការឆ្លង​រំខាន គឺមាន​ការគ្រោះថ្នាក់ និង​បញ្ហា​ធំ​ដល់​ប្រទេស​កម្ពុជា​។ សម្រាប់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គឺ​ធានាថា ធ្វើ​យ៉ាងដូចម្តេច​ឱ្យ​ផ្លូវ​ហោះហើរ មាន​សុវត្ថិភាព ។ តាមរយះ​នេះ​ក្រសួង​ក៏​នឹងធ្វើ​ការពង្រឹង​អង្គភាព​គ្រប់គ្រង​ហ្វ្រេ​កង់​វិទ្យុ ដើម្បី​អាចឱ្យ​ក្រុមការងារ​ចុះទៅពិនិត្យ លក្ខ​ណះ​បច្ចេកទេស ដែលមាន​ការខ្វះខាត ដើម្បី​ជាការ​កែសម្រួល​ឡើងវិញ​កុំឱ្យ​មានការ ឆ្លង​រំខាន​ទៀត ព្រោះ​វា​នាំឱ្យមាន​គ្រោះថ្នាក់ ដល់​ប្រព័ន្ធ​បញ្ជា​យន្តហោះ ដ៏​មាន​សារសំខាន់​នេះ​៕

​ការប្តេជ្ញាចិត្ត​បែបនេះ របស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, លោក ជា វណ្ណ​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន អាកាសចរណ៍​ស៊ីវិល បានធ្វើ​ឡើង​ក្រោយ​មានការ​ឆ្លង​រំខាន​សំឡេង​មួយចំនួន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស និង​ការមិន​គោរ​ច្បាប់ និង​តាម​ការណែនាំ​របស់​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ផ្សព្វផ្សាយ​មួយចំនួន​ផងដែរ​។​

​លោក ជា វ៉ាន់​ដេ​ត បាន​ប្តេជ្ញាចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​កន្លងមក​ក្រសួង ស្ថាប័ន​ទាំង​៣ បាន​សហការគ្នា​បានល្អ ប៉ុន្តែ យើង​សហការគ្នា​ជា​លក្ខណៈ​ទៅតាម​ករណី​នីមួយៗ ប៉ុន្តែ បន្ទាប់ពី​សេចក្តីប្រកាស​រួម​នេះ ក្រសួង ស្ថាប័ន​យើង​ទាំង​៣​នឹង​រៀបចំ​នូវ​គោលការណ៍ ស្តងដារ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​ការឆ្លង​រំខាន​នេះ (​ការឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស​) មិនមាន​កើតឡើង​ជាពិសេស​នៅក្នុង​តំបន់​ហោះហើរ​នៅក្នុង​ដែនអាកាស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​លោក ជា វណ្ណ​ដេ​ត បានឱ្យដឹងថា ការឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស មាន​គ្រោះថ្នាក់ និង​មាន​បញ្ហា​ធំ​សម្រាប់​ប្រទេសជាតិ ដូច្នេះហើយ បានជា​ក្រសួង​ព័ត៌មាន​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លេខាធិការដ្ឋាន អាកាសចរណ៍​ស៊ីវិល បាន​ឯកភាពគ្នា​រៀបចំ​ការចុះហត្ថលេខា ស្ដីពី «​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស នៅក្នុង​ដែនអាកាស​នៃ​កម្ពុជា​» នាពេលនេះ​តែម្តង​។​

​លោក ជា វណ្ណ​ដេ​ត បាន​បន្តថា ក្នុងនាម​ជា​ក្រសួង​ដែល​គ្រប់គ្រង​ហ្វ្រេ​កង់​ស៍​វិទ្យុ នឹងធ្វើ​យ៉ាងណា ដើម្បី​ធានា​ឱ្យនៅ​តំបន់​ហោះហើរ​របស់​អាកាសយាន​ដ្ឋា​ន​របស់​កម្ពុជា មាន​សុវត្ថិភាព​។ ក្នុងន័យ​នេះដែរ ក្រសួង​ប្រៃសណីយ៍ ក៏បាន​ពិចារណា​ពង្រឹង​អង្គភាព​គ្រប់គ្រង ហ្វ្រេ​កង់​ស៍​វិទ្យុ ដើម្បី​អាច​ស្កេ​ន ធ្វើតេស្ត​ពិនិត្យមើល​នូវ​រាល់​ចំណុច​ខ្វះខាត​ដែល​អាច​កើតមានឡើង​ជាដើម​។​

​លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា បច្ចុប្បននេះ នៅ​ប្រទេស​កម្ពុជា មាន​រលកសញ្ញា​មួយទៀត ដែល​សំខាន់​មែន​ទៀត គឺ​ការ​ភ្នាល់​ទឹកភ្លៀង ដែល​ពួកនេះ​បាន​ប្រើប្រាស់​អាយកូម​ជាប់ ហើយ​ចំណុច​នេះ​ជាការ​លំបាក​ផងដែរ​។ ដូច្នេះ សូមឱ្យ​ក្រសួង ស្ថាប័ន ទាំងអស់​ត្រូវខិតខំ​ធ្វើកា​រងារ​នេះ​បន្ថែមទៀត​។​

​លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា ករណី​មួយទៀត ជាគោលការណ៍​ប្រសិនបើ​រកឃើញថា​មាន​វិទ្យុ​ណាមួយ​ប៉​ពាល់​ដល់​ការរំខាន ឆ្លង​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស ក្រសួង​នឹង​បញ្ជា​ឱ្យ​បិទ​ជាបន្ទាន់ ព្រមទាំង​ចាត់តាំង​ក្រុមការងារ​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ហើយ​បច្ចុប្បន្ននេះ ក្រសួង​បានដាក់​នូវ​ឧបករណ៍​ដើម្បី​ការពារ​កុំឱ្យ​លោត​ឆ្លង​ចូល​ជាដើម​។​

​រដ្ឋមន្ត្រី​ក្រ​សួ​ព័ត៌មាន បាន​បញ្ជាក់ថា ករណី​ឆ្លង​រលក​សំឡេង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស នេះ​អាច​បណ្តាលមកពី​ការប្រើ​ដាក់​អង់​តែ​ន នៅ​ជិតគ្នា​ពេក​ជាដើម​។​

​លោក ម៉ៅ ហាវ​ណ្ណា​ល់ បានឱ្យដឹងថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​លេខាធិការដ្ឋាន អាកាសចរណ៍​ស៊ីវិល លោក​បាន​ខិតខំ​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ​ទាំងអស់​ធ្វើការ​ទំនាក់ទំនង​គ្នា​ជាមួយ​ក្រសួង​ព័ត៌មាន ទៅលើ​ការដោះស្រាយ​បញ្ហា​ការចម្លង​ជ្រៀតជ្រែក​រវាង​រលកធាតុអាកាស​របស់​អាកាសចរណ៍​ស៊ីវិល និង​រលកធាតុអាកាស​របស់​វិទ្យុផ្សាយសំលេង​ក្រសួង​ព័ត៌មាន ដែល​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​អាកាសចរណ៍​ស៊ីវិល​ជាដើម​។​

​លោក ម៉ៅ ហាវ​ណ្ណា​ល់ បាន​លើកឡើងថា ដូច្នេះ ក្រោយពី​បាន​ចុះហត្ថលេខា​ព្រមព្រៀង​ទាំង​៣ ក្រសួង ស្ថាប័ន របស់​យើង​នេះ ខ្ញុំ​ជឿជាក់ថា យើង​អនុវត្ត ឱ្យមាន​ប្រសិទ្ធភាព ហើយ​ក្តីបារម្ភ​របស់​អាកាសច​រណ៍​ស៊ីវិល​នឹង​អាច​កាត់បន្ថយ យើង​នឹង​ខិតខំ​កែច្នៃ​ចៀសវាង​ការជ្រៀតជ្រែក​ចូល​រលក​ធាតុអាកាស​រវាង​អាកាសចរណ៍​ស៊ីវិល​, ក្រសួង​ព័ត៌មាន ក៏ដូចជា​ក្រសួង​ប្រៃសណីយ៍​ហ្នឹង យើង​នឹង​ខិតខំ​បំបាត់​ឱ្យដល់​កម្រិត​ណាមួយ​ដែល​យើង​អាច​ទទួលយកបាន​ទាំងអស់គ្នា​»​។​

​លោក​បាន​បន្ថែមថា អាកាសចរណ៍​ស៊ីវិល មិន​ចង់ឃើញ​បញ្ហា​គ្រោះថ្នាក់​កើតឡើង​លើ​វិស័យ​អាកាសចរណ៍​ពាក់ព័ន្ធ​ទៅនឹង​វិទ្យុផ្សាយសំលេង​ផ្ទៃដី ទៅលើ​អាកាសយាន​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​លើ​ដែនអាកាស​នោះទេ​។ ដូច្នេះ កាលណា​មាន​បញ្ហា​នេះ​កើតឡើង​លោក​ជឿជាក់ថា​កិត្តិយស​មិនមែន​បាត់បង់​តែ​លើ​វិស័យ​អាកាសចរណ៍​ស៊ីវិល​នោះទេ គឺអាច​ពាក់​នឹង​ក្រសួង​ព័ត៌មាន ជាពិសេស​ពាក់ព័ន្ធ​នឹង​កិត្តិយស​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មិនអាច​បម្រើ​សេវាកម្ម​វិទ្យុទាក់ទង​នេះ​ជាដើម​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


×