Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រិន​ស្ត្រី ពិបាក​ទទួលបាន​ឥណទាន​ពី​ធនាគារ ឬ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​សម្រាប់​ពង្រីក​មុខ​ជំនួញ​របស់ខ្លួន​នោះ គឺ​ដោយសារ​តែមាន​កង្វះខាត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​

​សៀមរាប​៖ ឯកសារ​សិក្សា​មួយ​របស់ OECD បាន​រកឃើញ​មូល​ហេតុដែល​សហគ្រិន​ស្ត្រី ពិបាក​ទទួលបាន​ឥណទាន​ពី​ធនាគារ ឬ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​សម្រាប់​ពង្រីក​មុខ​ជំនួញ​របស់ខ្លួន​នោះ គឺ​ដោយសារ​តែមាន​កង្វះខាត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ពុំមាន​សមត្ថភាព​ក្នុងការ​បង្កើត​ផែនការអាជីវកម្ម និង​របាយការណ៍​ហិរញ្ញវត្ថុ​ជាដើម​។ ដូច្នេះ​ទើប​វគ្គ​បណ្តុះបណ្តាល ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី ត្រូវបាន​បង្កើតឡើង​។ កម្ម​វី​ធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​កិច្ចការនារី និង​ក៏​ជា​សកម្មភាព​អាទិភាព​មួយ​ដែល​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ជាតិ ស្តីពី បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ឆ្នាំ​២០១៩-២០២៥ ជាពិសេស ការលើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ នា​ខេត្តសៀមរាប​។​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បានលើកឡើង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍ​សហគ្រិនភាព​ស្ត្រី នៅ​សាលា​ខេត្តសៀមរាប ដោយ​បង្ហាញថា​ជំរឿន​សហគ្រាស​កម្ពុជា​ឆ្នាំ​២០១៤ ក្នុងចំណោម​សហគ្រាស​ទូទាំងប្រទេស​ចំនួន​ជាង​៥១​ម៉ឺន​សហគ្រាស ក្នុងនោះ​៦១​ភាគរយ​នៃ​ចំនួន​សហគ្រាស​សរុប​គឺ​កាន់កាប់​ដោយ​ស្ត្រី ក៏ប៉ុន្តែ​ភាគច្រើន​នៃ​សហគ្រាស​ទាំងនោះ​កំពុង​ស្ថិតក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សហគ្រាស​ខ្នាត​មីក្រូ ដែល​ងាយ​ប្រឈម​ជាមួយ​បញ្ហា ហើយក៏​មាន​ឧ​ប​ស័គ្គ​ជាច្រើន​ទៀត សម្រាប់​ប្រតិបត្តិការ​ធុរកិច្ច​របស់ខ្លួន ដូចជា ខ្វះ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ព័ត៌មាន ទីផ្សារ និង​ចំណេះដឹង​ថ្មីៗ និង​ការការពារ​ដោយ​ច្បាប់​នៅមាន​ក​ម្រឹត​។ ទាំងនេះហើយ ដែលជា​មូលហេតុ ធ្វើ​ឲ្យ​សហគ្រិន​ស្ត្រី ពុំ​ត្រូវបាន​គេ​មើលឃើញ និង​ឲ្យ​តម្លៃ​ខ្ពស់​។​

​លោកជំទាវ​វេជ្ជបណ្ឌិត អ៉ឹ​ង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ច​នារី ដែលជា​អធិបតីភាព បាន​ថ្លែងថា ដោយ​ផ្អែ​លើ​ការប៉ាន់ប្រមាណ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា បរិយាកាស​គាំទ្រ និង​ការផ្តល់​អំណោយផល ដល់​ប្រព័ន្ធ​សហគ្រិន កម្ពុជា​នឹង​អាច​ទទួលបាន​ចំណូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ជាតិប្រមាណ​ជា ២៥​ពាន់​លាន​ដុល្លា ខ្ពស់​បន្ថែមទៀត​។ លោកជំទាវ បន្តថា​នៅលើ​សាកលលោក​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី មាន​ប្រមាណ​ជា ១​ភាគ​៣ នៃ​សហគ្រាស​សរុប ក៏ប៉ុន្តែ​ភាគច្រើន​នៃ​សហគ្រិន​ស្ត្រី​ទាំងនោះ ស្ថិតនៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សហគ្រាស​ខ្នាត​មីក្រូហិរញ្ញវត្ថុ ដែល​ងាយ​នឹង​ទទួល​ភាព​ងាយ​រងគ្រោះ និង​មានការ​លំបាក​សម្រាប់​ភាព​រីកចំរើន​លូតលាស់​។​

​លោកជំទាវ បន្តថា ឯកសារ​សិក្សា​មួយ​របស់ OECD បាន​រកឃើញ​មូល​ហេតុដែល​សហគ្រិន​ស្ត្រី ពិបាក​ទទួលបាន​ឥណទាន​ពី​ធនាគារ ឬ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​សម្រាប់​ពង្រីក​មុខ​ជំនួញ​របស់ខ្លួន​នោះ គឺ​ដោយសារ​តែមាន​កង្វះខាត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ពុំមាន​សមត្ថភាព​ក្នុងការ​បង្កើត​ផែនការអាជីវកម្ម និង​របាយការណ៍​ហិរញ្ញវត្ថុ​ជាដើម​។ កង្វះខាត​ទាំងនេះ​កាន់តែ​ធ្វើ​ឲ្យ​ស្ត្រី​បាត់បង់​ទំនុកចិត្ត និង​ភាពជឿជាក់​ក្នុងការ​ពង្រីក​ទុនវិនិយោគ​របស់ខ្លួន ហើយ​សហគ្រិន​ស្ត្រី​មួយចំនួន បានសម្រេច​ចិត្ត​ចងការ​ប្រាក់​ឯកជន ក្នុង​អត្រា​ការប្រាក់​ខ្ពស់ និង​ងាយ​ទទួលរង​នូវ​ការកេងប្រវ័ញ្ច​នានា ព្រមទាំង​បាន​ឈានទៅដល់​ការជាប់​បំណុល​ធ្ងន់ធ្ងរ​ផងដែរ​។ ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​សហគ្រិន​ស្ត្រី កម្មវិធី​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​និង​សហគ្រិន​ស្ត្រី​នេះ ពិត​ជាមាន​សារសំខាន់ ដែល​មិន​ត្រឹមតែ​អាចជួយ​ឲ្យ​ស្ត្រី ពង្រីក​អាជីវកម្ម​របស់ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​ជួយ​ឲ្យ​ស្ត្រី មាន​សមត្ថភាព​និង​ទំនុកចិត្ត​ក្នុងការ​គ្រង និង​ចូលរួម​ធ្វើ​សេចក្តីសម្រេច ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​ផងដែរ ។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ប៉ាន់ប្រមាណ​ផងដែរ​ថា ប្រសិនបើ​កម្ពុជា​អាចមាន​នូវ​បរិយាកាស​ដែល​គាំទ្រ និង​ផ្តល់​អំណោយផល​ដល់​ប្រព័ន្ធ​សហគ្រិន នោះ​កម្ពុជា​នឹង​អាច​ទទួលបាន​ចំណូល​ប្រមាណ ២៥​ពាន់​លាន​ដុល្លា បន្ថែម​នៅក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ​។

​ក្នុងន័យនេះ គឺ​ចង់​បញ្ចា​ក់ថា​៖ កម្ពុជា​នឹង​ទទួលបាន​ចំណូល​បន្ថែម​ខ្ពស់ជាង​មុន បើសិនជា​មានការ​ពង្រឹង​បាន​នូវ​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ជាពិសេស​នោះ​គឺ សហគ្រិនភាព​ស្ត្រី​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ ដោយ​ធានា​ឲ្យ​បាន​នូវ​ការកាត់បន្ថយ​ភាព​ងាយ​រងគ្រោះ និង​ធ្វើយ៉ាងណា​ឲ្យ​សហគ្រិន​ស្ត្រី​បានទទួល​នូវ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ជំនាញ និង​ចំណេះដឹង​ក​ម្រឹត​ខ្ពស់ ព័ត៌មាន​ថ្មីៗ ពី​និន្នាការ​ធុរកិច្ច​យុគសម័យ​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។​

​ក្នុង​កម្មវិធី​នេះ លោកជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស បាន​មានប្រសាសន៍ថា “​នៅពេលដែល​ស្ត្រី​កាន់តែច្រើន​មានលទ្ធភាព​ទទួលបាន​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ នោះ​ពួកគាត់​នឹងមាន​លទ្ធភាព​កាន់តែ​ខ្ពស់​និង​ឱកាស​កាន់តែច្រើន​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​គ្រួសារ និង​សហគមន៍ តាមរយៈ​ការលើកកម្ពស់​ជីវភាព​រស់នៅ ការបង្កើន​ឱកាស​អាជីវកម្ម ការ​សន្សំ និង​ការត្រៀមខ្លួន​ទប់​ទល់នឹង​បញ្ហា​ហិរញ្ញវត្ថុ​នាពេល​មាន​អាសន្ន ជាដើម ដែល​កត្តា​ទាំងនេះ​នឹង​នាំ​ឲ្យ​គ្រួសារ និង​សហគមន៍​មានលទ្ធភាព​ច្រើនជាង​មុន​ក្នុងការ​ទទួលបាន​សេវា​ចាំបាច់​នានា ដូចជា​សេវា​អប់រំ សុខភាព អនាម័យ និង​ទឹកស្អាត ជាដើម​”​។ ដូច្នេះ ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី និង​សហគ្រិន​ស្ត្រី នឹង​ដើរតួនាទី​ជា​គ្រឹះ​ក្នុងការ​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​៕ ដោយ​៖​កូ​ឡាប​

×