ភ្នំពេញ÷ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីពាក់សក្តិពីរ ស្រវឹងស្រាជោកជាំបើករថយន្ត
ជ្រុលចង្កូតទៅបុករះម៉ូតូ ៣គ្រឿង រងរបួសធ្ងន់ស្រាល ៤ នាក់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៧ និង៣០ នាទីយប់ ថ្ងៃចន្ទទី២៧ ខែកក្កដា ឆ្នាំ ២០២០ តាមបណ្តាយផ្លូវ ២២៣ កែងនឹងផ្លូវចូលបុប្ផារាជនី សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូ៣គ្រឿងធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង រីឯម៉ូតូរបស់លោកតាពីរនាក់ប្តីប្រពន្ធ បម្រុងបត់ចូលតាមផ្លូវបុប្ផារាជនី ស្រាប់តែភ្លាមនោះដែរ គេបានឃើញបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីពាក់សក្តិពីរបើករថយន្តម៉ាក អូ ឌីមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2-AR 6066 ឡើងមកត្បូងក្នុងល្បឿនលឿនរួចក៏បោះពួយ
ទៅមុខជ្រុលចង្កូតបុករះម៉ូតូ ៣គ្រឿង ហើយមានរងរបួសធ្ងន់ និងស្រាលចំនួន ៤ នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយនឹងជំនាញចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងដើម្បីឱ្យចុះមកយករថយន្តនិងម៉ូតូ៣គ្រឿងយកទៅរក្សាទុកនៅស្នងការក្រុងរង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖សា មេត