ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីកាក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា មូលហេតុដែលមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍សារជាថ្មីនេះ គឺដោយសារតែច្បាប់ដែលយើងមាននោះ (តាំងពីឆ្នាំ១៩៩៤) នៅមានចំណុចខ្វះខាត ហើយការអនុវត្តច្បាប់ដែលមានស្រាប់កន្លងមក ក៏ជួបនូវបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានការគិតគូរឡើងវិញ។
“ដោយមើលឃើញពីភាពចាំបាច់នៃការធ្វើវិសោធនកម្មច្បាប់នេះ ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឲ្យមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍នេះជាថ្មី ក៏ដូចជាស្នើសុំឲ្យមានកិច្ចប្រជុំជាមួយមន្ត្រីពីស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានសត្យានុម័ត ក្នុងការអនុវត្តសម្រាប់បម្រើផលប្រយោជន៍ប្រទេសជាតិទាំងមូល” សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
ជាងនេះទៀត សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ថា កន្លងមក ការអនុវត្តច្បាប់ និងការគ្រប់គ្រងជនបរទេសទាំងឡាយ ដែលចេញចូលក្នុងប្រទេសកម្ពុជា មានលក្ខណៈហ្មត់ចត់ និងប្រកបដោយភាពជោគជ័យ ដោយស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានខិតខំដោះស្រាយបញ្ហានានាតាមសភាពការណ៍ជាក់ស្ដែង ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ។
សូមជម្រាបថា ច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូប នៅលើទឹកដីក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេស ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជណាចក្រកម្ពុជា។ ព្រមជាមួយគ្នានេះ ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់ក្នុងព្រះរាជាណាចក្រកម្ពុជា៕ដោយ៖កូឡាប