ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីណែនាំ ស្តីពី វិធានការធានាស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម នាឱកាសឈប់សម្រាករយៈពេល៥ថ្ងៃ។
សូមអានខ្លឹមសាររបស់ នាយឧត្តមសេនីយ៍ នេត សាវឿន សូមណែនាំដល់នាយកដ្ឋានកណ្តាល នាយកដ្ឋាន អង្គភាពជំនាញ ជាពិសេសស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំងអស់ ដូចជា ៖
១) ត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេស សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ឧបាយកល សកម្មភាពប៉ុនប៉ងបង្កចលាចលសង្គម និងសកម្មភាពល្មើសផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា។
២) ត្រូវជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ឲ្យបានសកម្មផុលផុស និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់ នូវមុខសញ្ញាគ្រប់ប្រភេទ នៅតាមសហគមន៍ ភូមិ-ឃុំ ដោយប្រើប្រាស់គ្រប់វិធានការ ដើម្បីបំបាត់ប្រសិទ្ធភាពមុន មិនទុកឲ្យមុខសញ្ញាមានឱកាស ធ្វើសកម្មភាពបង្កអសន្តិសុខ ឬគ្រោះថ្នាក់ដល់អាយុជីវិត និងអន្តរាយដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
៣) ត្រូវបង្កើនវិធានការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានម៉ឺងម៉ាត់ នៅតាមបណ្ដាគោលដៅ កម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ដើម្បីរក្សានូវសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ ជាពិសេសត្រូវយកចិត្តទុកដាក់ ការពារសុវត្ថិភាពដាច់ខាត ថ្វាយព្រះមហាក្សត្រ ថ្នាក់ដឹកនាំកំពូលៗ និងឥស្សរជនជាន់ខ្ពស់របស់ជាតិ ដែលយាង និងអញ្ជើញធ្វើដំណើរកម្សាន្ត និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនាឱកាសនេះ។
ទន្ទឹមគ្នានេះ ត្រូវយកចិត្ត ទុកដាក់យាមកាម ល្បាតការពារផ្ទះសំបែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលចាកចេញទៅជួបជុំសាច់ញាតិ នៅឯស្រុកកំណើត ឬទៅកម្សាន្តនៅទីឆ្ងាយទាំងគ្រួសារ។
៤) ជំរុញអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ និងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីវិធានការបន្ទាន់សម្រាប់បង្ការ និងការទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ ដោយណែនាំឲ្យមន្ត្រីបន្តចុះធ្វើការផ្សព្វផ្សាយ អប់រំបន្ថែមទៀតអំពីវិធានសុខាភិបាល ដល់ប្រជាពលរដ្ឋឲ្យបានយល់ជ្រួតជ្រាប និងចូលរួមបង្ការជំងឺឆ្លងដ៏កាចសាហាវនេះ ជាពិសេសនៅតាមបណ្ដារមណីយដ្ឋាន ទីប្រជុំជនទីសាធារណៈ។ ក្នុងករណីសង្ស័យមានអ្នកផ្ទុកវីរ៉ុសកូវីដ-១៩ ត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។
៥) ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេល នូវរាល់សកម្មភាពដូចជា៖ សកម្មភាពក្មេងទំនើង អំពើហិង្សា ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធ គ្រឿងផ្ទុះគ្រាប់រំសេវដែលនាំឲ្យគ្រោះថ្នាក់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងនាំឲ្យជះឥទ្ធិពលមិនល្អដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សង្គមជាតិ។
៦) ជំរុញរឹតបណ្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០របស់រាជរដ្ឋាភិបាល ស្ដីពីការកែសម្រួលការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមានផែនការជាមុនក្នុងការរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ តាមបណ្ដាផ្លូវជាតិ ទីប្រជុំជនពិសេសច្រកចេញ-ចូលរាជធានី ទីរួមខេត្ត ក៏ដូចជាគោលដៅផ្សេងៗ ដើម្បីកាត់បន្ថយបាននូវការកកស្ទះ និងគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ។
៧) ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋ ឲ្យមានស្មារតីប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ គ្រោះមហន្តរាយនានា ដោយត្រូវរៀបចំកម្លាំង និងមធ្យោបាយ ត្រៀមបម្រុងប្រចាំការ ២៤/២៤ម៉ោង ដើម្បីសហការជួយ សង្គ្រោះ នៅពេលដែលអគ្គិភ័យ ឬគ្រោះធម្មជាតិកើតមានឡើង។
៨) ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ហាគ្រប់ថ្នាក់ និងត្រៀមកម្លាំងសម្រាប់ចេញអន្តរាគមន៍ គ្រប់កាលៈទេសៈដោយត្រូវសហការជាមួយ បណ្ដាញព័ត៌មានសំខាន់ៗ ដើម្បីផ្តល់ព័ត៌មានទាន់ហេតុការណ៍ ដូចជាការកកស្ទះចរាចរណ៍ ធ្វើឲ្យប្រជាជនបានដឹងជាមុន ដើម្បីបង្វែរទិសចរាចរណ៍។ ជាមួយគ្នានេះ គ្រប់នាយកដ្ឋាន អង្គភាព ត្រូវចាត់តាំងឲ្យមានវេនប្រចាំការ ដោយត្រូវរៀបចំមន្ត្រីក្រោមឱវាទ ប្រចាំការប្តូរវេនគ្នា ដើម្បីឲ្យមន្ត្រី មានឱកាសបានឈប់សម្រាកបានគ្រប់ៗគ្នា។
៩) ត្រូវបូកសរុបសភាពការណ៍ និងលទ្ធផល នៃការអនុវត្តវិធានការការពារសុវត្ថិភាព សន្តិសុខ ក្នុងឱកាសឈប់សម្រាកនេះរាយការណ៍មក អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានត្រឹមរសៀលនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ជាកំណត់ (របាយការណ៍ត្រូវគិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០)៕ ដោយ៖កូឡាប