ភ្នំពេញ÷បុរសម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកព្រូសជ្រុលចង្កូតទៅបុកនិងទូ ATM បណ្តាលឲ្យរងការខូចខាតខ្ទេចស្ទើរទាំងស្រុង។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ២ និង ៥២ នាទីទៀបភ្លឺឈានចូលថ្ងៃសុក្រទី៣១ ខែកក្កដា ឆាំ ២០២០ តាមបណ្តោយផ្លូវ ២១៧ត្រង់ចំណុចផ្សារអូឡាំព្យា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកព្រូសពណ៌ស ដែលពាក់ផ្លាកលេខ ភ្នំពេញ 2-BB 5739 បើកបរម្នាក់ឯង ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនស្រាប់តែមកដល់ជិតចំណុចកើតហេតុក៏ជ្រុលចង្កូតហោះឡើងលើអាងទឹករួច បានជ្រុលទៅបុកចំបង្គោលស្លាកសញ្ញាបាក់មួយដើម និងជ្រុលទៅមុខទៅបុកទូ ATM ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ចេចពីខាងមុខ ទាំងស្រុង។
សូមបញ្ជាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្ករបួសស្នាមទៅដល់ភាគីខាងម្ចាស់រថយន្តនោះទេ រងការខូចតែសម្ភារ និងទូ ATM។
ក្រោពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយចរាចរណ៍ជំនាញរួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកធ្វើការវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តម៉ាកព្រូសយកទៅរក្សាទុកស្នងការក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖សា មេត