ភ្នំពេញ÷ស្ត្រីរកស៊ីចងការប្រាក់ម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នករស់នៅជាប់បន្ទប់ជួល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ កើតឡើងនៅវេលាម៉ោង ៥ និង ៣០នាទី ល្ងាច ថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ៩៩ អ៊ា សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពស្ត្រីជនរងគ្រោះខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះតែងតែចុះមកទិញម្ហូបអាហារ នៅកន្លែងគាត់រាល់ថ្ងៃ ស្រាប់តែថ្ងៃដែលជនរងគ្រោះបាត់ខ្លួន គាត់បានឃើញមានប្រុសៗ ៤ ទៅ៥នាក់ បានទិញស្រាឡើងទៅផឹកនៅក្នុងបន្ទប់ជនរងគ្រោះ ពេលដែលផឹករួច គាត់បានឃើញប្រុសៗចុះទៅផ្ទះវិញអស់រៀងៗខ្លួន តែអត់ឃើញជនរងគ្រោះចុះមកខាងក្រោមទេ ហើយគាត់សង្ស័យតែនាងស្រវឹង ហើយគាត់បានបញ្ជាក់ទៀតថា តាំងពីថ្ងៃនោះមក អត់ដែលឃើញជនរងគ្រោះចុះមកក្រោមសោះ លុះមកដល់ល្ងាចប្រហែលជាម៉ោង ៥ ក៏បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ផ្ទះចេះតែធុំក្លិនស្អុយ រួចបានសម្រេចចិត្តនាំគ្នាទៅអើតមើលបន្ទប់ស្ត្រីខាងលើ ក៏បានឃើញចងកជាប់នៅមាត់បង្អូចស្លាប់បាត់ទៅហើយ។
ឃើញហេតុការណ៍ដូចនេះ បាននាំគ្នាទាក់ទងទៅខាងសមត្ថកិច្ច ចុះជួយអន្តគមន៍ភ្លាមៗ។ ក្រោយពេលកើតហេតុខាងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ រួចបានទំនាក់ទំនងទៅខាងជំនាញពិនិត្យកោសល្យវិច័យ ពិនិត្យទៅលើសពជនរងគ្រោះ បានបញ្ជាក់ថាគាត់ស្លាប់ដោយចងកសម្លាប់ខ្លួនឯងមែន។ រួចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅរថយន្តសាម៉ុយ យកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សា មេត