ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពរបស់ព្យុះទី ៣ ឈ្មោះ ស៊ីនឡាគូ (SINLAKU)។
បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ឃើញថា នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះ សម្ពាធទាបសកម្មមួយ ( Active Low ) បានកើតឡើង នៅលើសមុទ្រចិនខាងត្បូង ហើយបានវិវត្តទៅជាវិសម្ពាធទាប (Tropical Depression) ។ យោងតាមការព្យាករ វិសម្ពាធទាបនេះនឹងបង្កើនឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់ទៅជា ព្យុះទី ៣ ឈ្មោះ ស៊ីនឡាគូ ( SINLAKU ) ដោយនឹងធ្វើដំណើរឆ្លងកាត់កោះហៃណាំ មុននឹងចូល ដល់ភាគខាងជើងប្រទេសវៀតណាម នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ ។ ឥទ្ធិពលរបស់ព្យុះ ធ្វើឲ្យខ្យល់មូសុងនិរតីបង្កើនល្បឿនបក់បោកខ្លាំងមកលើកម្ពុជា ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖
១- បណ្តាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ច្រើនកើនឡើងជាបន្តបន្ទាប់ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ( Flash Flood) ។
២- តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) ។
៣- តំបន់ផ្សេងៗទៀត អាចនឹងមានភ្លៀងធ្លាក់ ពីតិចទៅមធ្យម ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀស វាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់ ៕ ដោយ៖កូឡាប