ភ្នំពេញ៖ ទេយ្យទានមួយចំនួនដែលមានទាំងអង្ករគ្រឿងឧបភោគ បរិភោគ សម្ភារ ប្រើប្រាស់ផ្ទះបាយនិងបច្ច័យមួយចំនួន ត្រូវបានព្រះធម្មធម៌សោម ស៊ីម ព្រះគ្រូចៅអធិការវត្តប្រាសាទ និងជាព្រះអនុគុណខណ្ឌព្រែកព្នៅ ប្រគល់ជូនសាខាកាកបាទក្រហមរាជធានីភ្នំពេញ ដែលមានលោកឃួង ស្រេង ជាប្រធាន ដើម្បីបន្តយកទៅចែកចាយប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលទេយ្យទាននិងថវិកាទាំងនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅក្នុងទីអារាមវត្តប្រាសាទ ស្ថិតនៅ ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា៖ ការប្រគល់នូវទេយ្យទាន និងថវិការបស់ព្រះធម្មធម៌សោម ស៊ីម ព្រះគ្រូចៅអធិការវត្តប្រាសាទ និងជាព្រះអនុគណខណ្ឌព្រែកព្នៅ មកសាខាកាកបាទក្រហមរាជធានីភ្នំពេញនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីភាពសិ្នទ្ធស្នាល រវាងពុទ្ធចក្រនិងអាណាចក្រ ។ លោកបញ្ជាក់ថា៖ ពុទ្ធចក្រនិងអាណាចក្រ ដើរទន្ទឹមគ្នា មានន័យថា បើអាណាចក្រមានការរីកចម្រើន ពុទ្ធចក្រក៏មានការរីកចម្រើនដូចគ្នា ហើយអាណាចក្រជួបបញ្ហា ពុទ្ធចក្រក៏ជួបបញ្ហាដែរ។ ជាក់ស្ដែងនៅក្នុងសម័យប៉ុលពត អាណាចក្របានធ្លាក់ដល់ចំណុចសូន្យ ក្នុងនោះពុទ្ធចក្រ ក៏បានធ្លាក់ដល់ចំណុចសូន្យដូចគ្នាដែរ៕
ដោយ៖កូឡាប