ភ្នំពេញ៖ ខណៈករណីគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ក្នុងរាជធានីភ្នំពេញ ភាគច្រើនបង្កឡើយដោយអ្នកបើកបរមានជាតិស្រវឹង នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានដាក់បញ្ជាឲ្យកម្លាំងនគរបាល ត្រូវរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍គ្រប់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ នៅពេលយប់ ដើម្បីឃាត់អ្នកបើកបរនៅក្នុងស្ថានភាពស្រវឹង ក្នុងពេលដែលក្នុងខែកក្កដា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ កើតឡើងសរុប២៥៧លើក (យប់៥៦%) បណ្តាលឲ្យស្លាប់១៤៧នាក់ និងរបួស៣៥២នាក់ ក្នុងនោះករណីមូលហេតុបើកបររងគ្រោះថ្នាក់ដោយជាតិស្រវឹងចំនួន ៦%។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងរនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខែកក្កដា។
កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី ប្រធាន អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នាយការិយាល័យចំណុះនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្នងការរងទទួលផែនចរាចរណ៍ ទាំង២៥ រាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ដាក់បញ្ជាឲ្យកម្លាំងនគរបាល ត្រូវរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍គ្រប់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ នៅពេលយប់ដើម្បីឃាត់អ្នកបើកបរនៅក្នុងស្ថានភាពស្រវឹង។ ឯកឧត្តម បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ក្នុងរាជធានីភ្នំពេញ ភាគច្រើនបង្កឡើយដោយអ្នកបើកបរមានជាតិស្រវឹង ហើយការអនុវត្តកន្លងទៅធ្វើបានល្អហើយ ប៉ុន្ដែទាមទារឲ្យមានការពង្រឹង និងរឹងបន្ដឹងបន្ថែមទៀត ធ្វើយ៉ាងណាឲ្យគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ កាន់តែថយចុះ ខណៈបច្ចុប្បន្នអ្នកស្លាប់ចន្លោះពី ២នាក់ ទៅ៣នាក់ ក្នុងមួយយប់។
ជាមួយគ្នានេះ ឯកឧត្តមអគ្គស្នងការរង ក៏បានទទួលស្គាល់នូវការលំបាក និងភាពនឿយហត់របស់កងកម្លាំងផងដែរ ព្រោះណាមួយត្រូវអនុវត្តច្បាប់ចរាចរណ៍ ហើយណាមួយទៀត ត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងដំណើររបស់ថ្នាក់ដឹកនាំដែលត្រូវឆ្លងកាត់គោលដៅរបស់ខ្លួន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានណែនាំក្រុមការងារប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវឆ្លើយតបឲ្យបានរហ័សទាន់ពេលវេលា ពាក់ព័ន្ធការងារចរាចរណ៍ ដែលបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គម។
យោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប២៥៧លើក (យប់៥៦%) បណ្តាលឲ្យស្លាប់១៤៧នាក់ និងរបួស៣៥២នាក់ (ធ្ងន់២១៩នាក់)។
មូលហេតុបង្កគ្រោះថ្នាក់រួមមាន៖ បើកបរលើសល្បឿន៣៦% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១៤% វ៉ាជែង១១% បត់៧% ស្រវឹង៦% កក្តាយាន២%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨៣% (១២២នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៧០% (៨៥នាក់)។ គ្រោះថ្នាក់នៅរាជធានីភ្នំពេញ ៧១លើក ខេត្តព្រះសីហនុ១៦លើក និងខេត្តកណ្តាល ១៥លើក៕ដោយ៖បញ្ញាស័ក្តិ