បន្ទាយមានជ័យ៖ ដោយសាររបាយទឹកភ្លៀងធ្លាក់ពុំបានសព្វល្អ ពីតិចទៅមធ្យម ជាហេតុធ្វើឲ្យតំបន់ដាំដុះដំណាំស្រូវមួយចំនួនបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតចំនួន ៤៨ ៨៨២ ហិកតា នៃផ្ទៃដីអនុវត្តន៍បាន ៦៦០០០ ហិកតា ស្ថានភាពស្រូវខូចខាត ដោយក្តាប្រឈមខ្វះខាតទឹក ក្នុងស្រុកមង្គលបូរី មានចំនួន ជាង ៧០០០ ហិកតា ដោយឡែកស្រុក ក្រុងផ្សេងៗ តាមរបាយការណ៍គឺប្រឈមផលប៉ះពាល់ដោយកត្តាគ្រោះរាំងស្ងួត ហើយបញ្ហានេះ អភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពស្រូវប្រឈមខ្វះទឹក និងរកដំណោះស្រាយដល់កសិករ ។
ជាក់ស្តែង នៅថ្ងៃទី៥សីហា នេះ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ,លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ,អាជ្ញាធរស្រុក ឃុំភូមិ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំង រងការខូចខាត និងប្រឈមខ្វះខាតទឹក នៅឃុំចំណោម,ឃុំសឿ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងឱកាសអមដំណើរជាមួយថ្នាក់ដឹកនាំខេត្ត បានឲ្យដឹងនៅថ្ងៃទី០៥ សីហា ឆ្នាំ២០២០នេះថា ដោយសាររបាយទឹកភ្លៀងធ្លាក់ពុំបានសព្វល្អ ពីតិចទៅមធ្យម ជាហេតុធ្វើឲ្យតំបន់ដាំដុះដំណាំស្រូវមួយចំនួនបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតចំនួន ៤៨ ៨៨២ ហិកតា នៃផ្ទៃដីអនុវត្តន៍បាន ៦៦០០០ ហិកតា ស្ថានភាពស្រូវខូចខាត ដោយក្តាប្រឈមខ្វះខាតទឹក ក្នុងស្រុកមង្គលបូរី មានចំនួន ជាង ៧០០០ ហិកតា ដោយឡែកស្រុក ក្រុងផ្សេងៗ តាមរបាយការណ៍គឺប្រឈមផលប៉ះពាល់ដោយកត្តាគ្រោះរាំងស្ងួត មិនឈានដល់ខូចខាតទាំងស្រុងនោះទេ។
ចំពោះស្រូវប្រាំងដែលជាប្រភេទស្រូវសែនក្រអូបនៅតំបន់នេះដែលអ្នកភូមិតែងនាំគ្នាធ្វើនោះ គឺពិតជាខូចខាតទាំងស្រុង ដោយឡែកស្រូវវស្សាវិញគឺនៅអាចជួយសង្គ្រោះបានព្រោះមានរយៈពេលវែងទៀត អាចនឹងទទួលបានទឹកភ្លៀង និងការជួយបូមសង្គ្រោះពីកត្តាផ្សេងៗបាន។
ចំណែកលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏បានលើកឡើងថា ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ដើមរដូវវស្សាក្នុងឆ្នាំ២០២០នេះ នៅទីតាំងខាងលើនេះមិនសូវទទួលបានភ្លៀងធ្លាក់ជោកជាំ ម្យ៉ាងទៀតដោយសារមើលឃើញពីទិន្នផលទទួលបានពីការធ្វើស្រែបង្កើនរដូវ(ស្រែប្រាំង) បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាធ្វើលើសផែនការដែលទឹកអាចស្រោចស្រពបានពីទឹកស្ទឹងមង្គលបូរី។ កន្លងមកនេះជំនាញធនធានទឹកខេត្ត សហការជាមួយស្រុក បានចុះដាក់ម៉ាស៊ីនបូមទឹកពីស្ទឹងទៅស្រោចស្រព និងសហការបើកបង្ហូរមកពីស្ទឹងបវេល អាងកំពីងពួយជាដើម នៅស្រុកភ្នំស្រុកយើងក៏បានបើកបង្ហូទឹកពីអាងត្រពាំងថ្មទៅជួយ សង្គ្រោះផ្នែកខាងក្រោមផងដែរ និង ស្រុកព្រះនេត្រព្រះ។
ដោយមានការណែនាំយកចិត្តទុកដាក់ណែនាំ ចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងបទបញ្ជារបស់ ឯកឧត្តមអភិបាលខេត្ត លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចាត់ការបន្ទាន់ដោយ នាំយកគម្រោងអណ្តូងទឹកស្នប់ចំនួន ១៣ គម្រោងខួងទៅជោគជ័យ ៦ អណ្តូង អាចយកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មជាដើម។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ជាវិធានការដោះស្រាយបន្ទាន់គឺឲ្យអាជ្ញាធរឃុំ ចុះពិនិត្យស្រង់ទិន្នន័យជាក់លាក់ ពីផលប៉ះពាល់ និងដំណាំស្រូវខូចខាតរបស់ប្រជាពលរដ្ឋ ដើម្បីស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីស្នើសុំស្បៀងបន្ទាន់ និងស្រូវពូជផ្តល់កសិករ ខ្វះខាត បន្តដាំដុះឡើងវិញតាមពេលវេលាជាក់ស្តែង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ជំនាញធនធានទឹកខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានបន្តពិនិត្យសិក្សាលទ្ធភាពស្តារអាងទឹកបុរាណ ប្រឡាយ នានា ជាបន្ទាន់បន្ថែម ដើម្បីស្តុកទឹកឲ្យបានល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការដាំដុះបង្កបង្កើនផលរបស់ពុកម៉ែបងប្អូនប្រជាកសិករនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដី រួមជាមួយជំនាញពាក់ព័ន្ធបានធ្វើការរិះរកដំណោះស្រាយគ្រប់ផ្នែកទាំងអស់ ដើម្បីដោះស្រាយជូនប្រជាកសិករជាទូទៅក្នុងខេត្ត ដោយឡែកក្នុងស្រុកមង្គលបូរី ទាំងជំនាញធនធានទឹក ជំនាញកសិករ និង អភិវឌ្ឍន៍ជនបទ៕
ដោយ៖កូឡាប