ភ្នំពេញ៖ បើតាមការផ្សាយព័ត៌មានរបស់ facebook ព្រះបរមរាជវាំងនៅថ្ងៃទី 5 ខែសីហាឆ្នាំ ២០២០នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃសាធារណរដ្ឋលីបង់ ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះសោកនាដកម្មដ៏រន្ធត់ ក្នុងឧបទ្ទវហេតុនៃការផ្ទុះឆេះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត បណ្តាលឲ្យមានការបាត់បង់អាយុជីវិត និងការរងរបួសប្រជាពលរដ្ឋលីបង់ជាច្រើនពាន់នាក់ ។
បើតាមផេកហ្វេសប៊ុកព្រះបរមរាជវាំងដែលមានខ្លឹមសារថា”ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃសាធារណរដ្ឋលីបង់ ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយចំពោះសោកនាដកម្មដ៏រន្ធត់ ក្នុងឧបទ្ទវហេតុនៃការផ្ទុះឆេះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០នេះ ដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិត និងការរងរបួសប្រជាពលរដ្ឋលីបង់ជាច្រើនពាន់នាក់ “។
ព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ ត្រូវបានធ្វើនៅថ្ងៃទី៥សីហានេះ ពោលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការកើតមាននូវហេតុការណ៍ផ្ទុះនេះ។ សូមបញ្ជាក់ថា កាលពីម៉ោង១៨៖០០នាទីល្ងាចថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ (ម៉ោងនៅទីក្រុងបេរូត) បានកើតមានហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅកំពង់ផែមួយក្នុងរដ្ឋធានីបេរូត។
នាយករដ្ឋមន្ត្រីលីបង់ លោក ហាស្សាន ឌីអាប (Hassan Diab) បានអះអាងថា ការផ្ទុះនេះ បានកើតចេញពីឃ្លាំងស្តុក សារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០តោន ដែលបានរក្សាទុកក្នុងឃ្លាំងនោះអស់រយៈពេល ០៦ឆ្នាំមកហើយ។
មួយថ្ងៃក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ ពលរដ្ឋនៅទីក្រុងបេរូត ប្រទេសលីបង់ ត្រូវប្រឈមនឹងទិដ្ឋភាពខូចខាតយ៉ាងដំណំនៃផ្ទះសម្បែង រថយន្ត ទីសក្ការៈបូជា និងសំណង់អគារជាច្រើនក្នុងក្រុង។ មនុស្សយ៉ាងហោចណាស់ ១០០នាក់ បានស្លាប់ និងប្រមាណ ៤.០០០នាក់ បានរងរបួស ខណៈទីក្រុងកំពង់ផែមួយនេះត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ។ រដ្ឋាភិបាលលីបង់ បានប្រកាស «កាន់ទុក្ខរយៈពេល ៣ថ្ងៃ» ដោយរាប់ចាប់ពីថ្ងៃពុធនេះតទៅ។
អភិបាលក្រុងបេរូត លោក Marwan Abboud បានឱ្យដឹងថា ប្រជាជនលីបង់ រហូតដល់ទៅ ៣០០,០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ដោយសារតែត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។
បើតាមលោក Marwan Abboud អាជ្ញាធរលីបង់កំពុងផ្ដល់ចំណីអាហារ, ទឹក និងជម្រកស្នាក់នៅបណ្ដោះ អាសន្នដល់ប្រជាជនទាំងនេះ ហើយការខូចខាតត្រូវបាន ប៉ាន់ស្មានជាបឋមថាគិតជាទឹកប្រាក់ប្រហែលពី ៣ ទៅ៥ពាន់លានដុល្លារ។ មូលហេតុពិតប្រាកដនៅពីក្រោយការផ្ទុះដ៏កក្រើកនេះ មិនទាន់មានការបញ្ជាក់នៅ ឡើយទេ ខណៈក្រុមមន្ត្រីលីបង់អះអាងថា ការផ្ទុះគឺបានកើតចេញពីឃ្លាំងស្តុកសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០តោន ដែលបានរក្សាទុកក្នុងឃ្លាំងនោះអស់រយៈពេល ០៦ឆ្នាំមកហើយដោយគ្មានការរក្សាសុវត្ថិភាពត្រឹមត្រូវ៕ ដោយ៖កូឡាប