បន្ទាយមានជ័យ ៖ ដីទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនៅទីតាំងអោយអង្គការគ្រួសារថ្មីខ្ចី នាចំណុចដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវមន្ត្រីថ្នាក់ដឹកនាំនិងឈ្មួញឃុបឃឹតគ្នាលក់តម្លៃរាប់លានដុល្លាសរអា ស្ងាត់បាត់ទៅហើយ។
ប្រភពព័ត៌មានប្រាប់ cen.com.kh ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨កន្លងមកថា ៖ ដីរដ្ឋនោះ ដើមឡើយត្រូវអង្គការគ្រួសារថ្មី( មណ្ឌលសំចតនិងស្នាក់នៅ) ស្នើខ្ចីពីអាជ្ញាធរឃុំ និងស្រុកអូរជ្រៅ (បច្ចប្បន្នគឺសង្កាត់និងក្រុងប៉ោយប៉ែត) សម្រាប់ដំណើរការការងារមនុស្សធម៌និងសង្គមកិច្ចតាំងពីទសវត្សរ៍ទី៩០ ។
លុះដល់ឆ្នាំ២០១១-១៥ អាជ្ញាធរក្រុងប៉ោយប៉ែត (ជំនាន់លោកទ្រី ណារិន ជាអភិបាលក្រុង ក្រោយមកជាអភិបាលខេត្ត) និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា បានកាត់ដីនេះ១ផ្នែកតូច ជូនគ្រួសារស្ត្រីមេម៉ាយក្រីក្រ គ្មានទីពឹងដែលអង្គការយកមកចិញ្ចឹម។ ហើយបានកាត់ដីរដ្ខនេះ ១ផ្នែកធំ ទំហំប្រមាណជាងកន្លះហិចតា (៥.០០០ម៉ែត្រក្រឡា) លក់អោយលោ កអ៊ុយ ឆាយ ជាអាជីវករធ្វើអាជីវកម្មសណ្ឋាគារ ហាងលក់និងអាងហែលទឺកទំនើប។
តមក អាជ្ញាធរបានលក់ទាំងដីផ្លូវសាធារណ: ១ ខ្សែ ដែលភ្ជាប់ពីក្រោយមណ្ឌលអង្គការគ្រួសារថ្មីនោះ ទៅខាងលិចថែមទៀត គឺអោយទៅលោកអ៊ុយ ឆាយ ជាឈ្មួញ។
ប្រភពព័ត៌មានបន្តថា ៖ លុះដល់ម្តុំខែតុលា-ខែធ្នូឆ្នាំ២០១៧ (ក្នុងរដ្ឋបាលរបស់លោកង៉ោ ម៉េងជ្រួន ជាអភិបាលក្រុងប៉ោយប៉ែត លោក សួន បវរ ជាអភិបាលខេត្ត) អាជ្ញាធរ ជំនាញនិងឈ្មួញ បានលក់ដីរដ្ឋម្តុំនោះ១ផ្នែកទៀត មានរាងច្រមុះជ្រូកដែលនៅសល់ទំហំប្រមាណ៣.០០០ម៉ែត្រក្រឡា ក្នុងតម្លៃពី៥០០ទៅ៨០០ដុល្លាសរអារ/ម៉ែត្រក្រឡា អោយទៅឈ្មោះ អ៊ុយ ឆាយ ហើយឈ្មោះនេះ ផ្ទេរបន្តទៅក្រុមហ៊ុនរបស់លោកកុក អាន។
ក្រោយការផ្ទេរឬលក់នេះ គេឃើញអង្គការគ្រួសារថ្មីនៅសល់ដី១ប្រឡោះតូចនិងអគារស្នាក់ការ ការិយាល័យធ្វើការនៅឡើយដែរ។
ករណីនេះ ពលរដ្ឋនៅក្រុងនេះបានរិះគន់ថា បុគ្គលមន្ត្រីអាជ្ញាធរនិងជំនាញពាក់ព័ន្ធពី១ជំនាន់ទៅ១ជំនាន់នៅក្រុងប៉ោយប៉ែត បានដោះដូរនិងលក់ដីរដ្ឋជាបន្តបន្ទាប់ជ្រកក្រោមស្លាកផ្តល់សម្បទានសង្គមកិច្ច ការអភិវឌ្ឍន៍ ។សូម្បីដីវត្តបាលីលេយ្យជាប់ផ្លូវជាតិលេខ៥ នាភូមិក្បាលស្ពាន, ដីរដ្ឋបាលក្រុង (ដែលសព្វថ្ងៃជាភោជនីយដ្ឋានអ៊ីញ៉ាញ់) ក៏បានកាត់ចេញពីរដ្ឋ ប្តូរម្ចាស់ទៅឯកជនដែរ។ដីនេះ មានតម្លៃរាប់សែនលានដុល្លាសរអា។
ក្នុងនោះ ក៏មានចលនាប្តូរទាំងទីតាំងទាំងមូលនៃវត្តបាលីលេយ្យផង ប៉ុន្តែមិនអាចចេញរួចព្រោះខ្លាចពាក្យនិន្ទា តវ៉ាខ្លាំងពីពលរដ្ឋ។ ហើយក៏មានគេរត់ការប្រុងដូរទីតាំងមណ្ឌលសុខភាពប៉ោយប៉ែត១ នៅភូមិក្បាលស្ពាន១ដែរ ។
ប៉ុន្តែរដ្ឋបាលខេរ្តបន្ទាយមានជ័យ ជំនាន់លោក គោស៊ុំ សារឿត ជាអភិបាលខេត្តកាលណោះបានបដិសេធមិនស៊ីញ៉េលើឯកសារ។
លោក ប្រាក់ បូលីន អនុប្រធាន ក៏ដូចលោក ចូវ សុភឿត ប្រធានការិយាល័យរៀបចំដែនដីនគរោបនីយកម្ម សំណង់និងភូមិបាលក្រុងប៉ោយប៉ែតប្រាប់ CEN ថា ៖ ដីរដ្ឋត្រង់មណ្ឌលអង្គការគ្រួសារថ្មីនាភូមិក្បាលស្ពាន១នោះ ពិតជាត្រូវកាត់ចេញពីដីរដ្ឋ រួចបានវាស់វែងធ្វើប្លង់ដាក់ឈ្មោះបុគ្គលឯកជនមែន។
តែនោះជារឿងរបស់មន្ត្រីថ្នាក់ដឹកនាំថ្នាក់លើទេ ពួកមន្ត្រីជំនាញ ក័ដូចអាជ្ញាធរមូលដ្ឋានតូចតាចដូចជាពួកអស់លោក ពុំដឹងនិងមិនហ៊ាននិយាយឬប្រកែកតវ៉ាយ៉ាងណាទេ។
ករណីនេះ លោក ង៉ោ ម៉េងជ្រួនអតីតអភិបាលក្រុងប៉ោយប៉ែត បច្ចុប្បន្នជាអភិបាលរថខេត្តបន្ទាយមានជ័យ ក៏ដូចលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ គេហទំព័រ CEN បានព្យាយាមសុំការបំភ្លឺ ពន្យល់ជាបន្តបន្ទាប់ ប៉ុន្តែលោកមិនសហការឡើយ។
ទោះយ៉ាងណា លោកអ៊ុយ ឆាយ ជាឈ្មូញនិងជាម្ចាស់អគារសណ្ឋាគារ ហាងនិងអាងហែលទឹកនៅលើដីរដ្ឋអតីតមណ្ឌលគ្រួសារថ្មីក្រុងប៉ោយប៉ែតប្រាប់គេហទំព័រ CEN ថា ៖ ចំណែកមុនដែលលោកទទួលបានដីដោះដូរនោះ បានចប់សព្វគ្រប់និងមានឯកសារផ្ទេរពីអាជ្ញាធរនិងប្លងដីពីជំនាញ។តែក្នុងលក្ខណ:រត់ការប្លង់ដីសិន ។ដូច្នេះ លោកបានធ្វើលក្ខណ:ដូចជាជួលពីអាជ្ញាធរកុងត្រា១០ ឆ្នាំ។
លោក អ៊ុយ ឆាយ និយាយបន្តថា ៖ រីឯចំណែកដីរដ្ឋសល់ចុងក្រោយ នេះក៏ធ្វើរបៀបជួល ហើយរត់ការឯកសារមកដាក់ឈ្មោះលោក រួចបន្តទៅក្រុមហ៊ុនកុកអាន។ ហេតុនេះ រឿងអីៗថាដីរដ្ឋឬឯកជន លោកមិនដឹងទេ។ នេះនៅលើអាជ្ញាធរដែលស្នើកាត់ចេញពីដីរដ្ឋមកឯកជន លោកគ្រាន់តែជាអ្នកជួលដីសិន ហើយបើរត់ឯកសារបានទើបហ៊ានទិញ៕ ដោយ ៖ បន្ទាយ