ខេត្តព្រះសីហនុ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រាប់ឱ្យបង្កើនការបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំត្រៀមដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដោយមានវត្តមានឯកឧត្តម ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នេះ នៅខេត្តព្រះសីហនុ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មការកសាងមជ្ឈមណ្ឌលជាតិ បានរាយការណ៍ជូនពីវឌ្ឍនភាពការងារសាងសង់មជ្ឈមណ្ឌលមានហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ អាងចម្រោះទឹកស្អាត ជាដើម។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានស្នើក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវខិតខំរួមគ្នាធ្វើការដាក់ឱ្យដំណើរការ នូវមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ដើម្បីបន្ថយកាត់បន្ថយភាពចង្អៀតណែនបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មជ្ឈមណ្ឌលបណ្តោះអាសន្ននានា។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា ដោយមជ្ឈមណ្ឌលជាតិនេះ មានការរួមចំណែកសាងសង់ដោយរាជរដ្ឋាភិបាលថៃ យើងនឹងដាក់ឱ្យមជ្ឈមណ្ឌលជាតិនេះ ដំណើរការស្របពេលខួបទី៧០ឆ្នាំ នៃចំណងមិត្តភាពសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជា-ព្រះរាជាណាចក្រថៃ។
ជាមួយនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តទៀតថា មជ្ឈមណ្ឌលជាតិនេះ នឹងក្លាយជាមជ្ឈមណ្ឌលដែលផ្តល់ការបណ្តុះបណ្តាល ផលិតធនធានមនុស្សពហុចំណេះជំនាញ បម្រើដល់ទីផ្សារការងារនៅកម្ពុជា និងសុំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពិនិត្យជួយផ្តល់សម្ភារបច្ចេកទេសកសិកម្មសម្រាប់បណ្តុះបណ្តាលជំនាញកសិកម្ម នៅមជ្ឈមណ្ឌលជាតិនេះ។
ជាមួយនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដែលផ្តល់ជំនួយសាងសង់ និងបានកោតសសើរ ចំពោះគណៈកម្មការកសាងមជ្ឈមណ្ឌល ក្រសួងពាក់ព័ន្ធ ដែលបានរួមគ្នាកសាងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌល និងជាការលើកទឹកចិត្តឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមជាង កម្មករ ដែលកំពុងបំពេញការងារសាងសង់នៅមជ្ឈមណ្ឌលជាតិផងដែរ៕
ដោយ៖បញ្ញាស័ក្តិ