Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្ដរក្រសួង កំពុង​រៀបចំ​សេចក្ដីព្រាង​ផែនការអភិវឌ្ឍន៍​រប​ស់​អូស្ដ្រាលី សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​

​ភ្នំពេញ​៖ គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រួមជាមួយ​ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​អន្ដរក្រសួង​ស្ដីពី “​ផែនការអភិវឌ្ឍន៍រ​បស់​អូស្ដ្រាលី​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​”(Cambodia COVID-19 Development Response Plan 2020-2022) នា​រសៀល ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។​

កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ ឯកឧត្ដម ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​មានការ​ចូលរួម​ពី លោក Luke Arnold អនុប្រធាន​បេសកម្ម​នៃ​ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​ទទួលបន្ទុក​កិច្ចសហប្រតិបត្ដិការ​អន្ដរជាតិ​អូស្ដ្រាលី​,​តំណាង​មន្ដ្រីជាន់ខ្ពស់ និង​មន្ដ្រី​ជំនាញ​ប្រមាណ ៥០ រូប មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ១៤ របស់​រាជរដ្ឋាភិបាល ។

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​លើ​សេចក្ដីព្រាង​ផែនការអភិវឌ្ឍន៍​រប​ស់​អូស្ដ្រាលី សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ក៏ដូចជា​អភិក្រម​សម្រាប់​អនុវត្ដ​ផែនការ​នេះ ។​

​កិច្ច​ប្រជុំបាន​ដំណើរការ​ដោយ​រលូន និង​ផុលផុស​ក្នុង​ស្មារតី​ភាពជា​ដៃគូ និង​ទទួលបាន​លទ្ធផល ប្រកបដោយ​ផ្លែផ្កា ដែល​បង្ហាញ ពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​។

​អង្គ​ប្រជុំបាន ពិភាក្សា និង​ផ្តល់​ធាតុ​ចូល ព្រមទាំង​អនុសាសន៍​លើ​សេចក្តីព្រាង​ផែនការ​នេះ​ដើម្បី​ធានា​សង្គតិភាព​ជាមួយនឹង អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​បរិការណ៍​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ ។

​អង្គប្រជុំ​បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បានរៀបចំ​សេចក្តីព្រាង​ផែនការ​នេះ​ឡើង​សម្រាប់ កម្ពុជា ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញា​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ភាពជា​ដៃគូ​របស់​រដ្ឋាភិបាល អូស្ត្រាលី​ក្នុងការ​គាំទ្រ​ការដោះស្រាយ​វិបត្តិ​កូ​វីដ​-១៩ ។

ជារួម អង្គប្រជុំ​ក៏បាន​ឯកភាព​លើ​អាទិភាព​ដែល​បាន រំលេច​ក្នុង​សេចក្តីព្រាង​ផែនការ​នេះ រួមមាន ការធានា​សន្តិសុខ​ផ្នែក​សុខាភិបាល , ការរក្សា​ស្ថិរភាព​សង្គម , និង​ការស្តារ​សេដ្ឋកិច្ច ។​

​តាងនាម​ឲ្យ​រាជរដ្ឋាភិបាល ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​​​ប្រជា​ជន​អូស្ត្រាលី ដែលជា​និច្ចកាល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម -​សេដ្ឋកិច្ចកម្ពុជា​តាមរ​យៈ​ការអនុវត្ត​ផែនការ​ហិរញ្ញប្បទាន​សម្រាប់​វិនិយោគ​នៅ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ដែល បាននិងកំពុង​គាំទ្រ​កម្ពុជា​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​ការស្តារ​សេដ្ឋកិច្ច ។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​យ៉ាងសកម្ម​របស់​ភាគី​អូស្ត្រាលី និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ផ្តល់​ធាតុ​ចូល​សំខាន់ៗ លើ​សេចក្តីព្រាង​ផែនការ​នេះ ។

​គួរបញ្ជាក់​ផងដែរ​ថា ចាប់ពី​ឆ្នាំ​១៩៩២​ដល់​២០១៩ រដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ប្រមាណ ១.០៣៩ លាន​ដុល្លារ​អាមេរិក ដើម្បី​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គមសេដ្ឋ កិច្ច ដោយ​ផ្តោតលើ​វិស័យ​អាទិភាព ៤ គឺ កសិកម្ម , ហេដ្ឋារចនាសម្ព័ន្ធ​, អប់រំ និង​សុខាភិបាល និង​អភិ បាលកិច្ច ។ ក្នុង​បរិ​ការ​ណ៏​នៃ​ជំងឺ​កូ​វី​-១៩ ភាគី​អូស្ត្រាលី​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩ ក៏ដូចជា​ដោះស្រាយ​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ជំងឺ​នេះ ។ ការ​គាំ ទ្រ​សំខាន់ៗ​កន្លងមក​រួមមាន ការគាំទ្រ​ផ្នែក​សុខាភិបាល តាមរយៈ​គម្រោង​លើកកម្ពស់​គុណភាព និង​សមភាព​សុខាភិបាល (H-EQIP), ការគាំទ្រ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ តាមរយៈ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ (Supporting the Identification of Poor Households II – IDPoor II) ដើម្បី​អនុវត្ត​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​របស់ រាជរដ្ឋាភិបាល​ដល់​គ្រួសារ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩, ការគាំទ្រ​ផ្នែក​សេដ្ឋកិច្ច​ដោយ​ផ្តោតលើ វិស័យ​កសិកម្ម តាមរយៈ​កម្មវិធី​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ដំណាក់កាល​ទី​២ (CAVAC II) និង​ការគាំទ្រ​ផ្នែក​ទឹកស្អាត និង​អនាម័យ តាមរយៈ​កម្មវិធី​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ (3), ជាដើម ៕ ដោយ​៖​កូ​ឡាប​

×