ភ្នំពេញ៖ទោះបីមានជំងឺ ឆ្លងកូវីដ-១៩ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នឹងមិនចុះខ្សោយនៅក្នុងដំណើរឆ្ពោះទៅមុខ ដើម្បីទាក់ទាញវិនិយោគិន ឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឡើយ ដោយកម្ពុជាបានបង្កើតនូវគោលនយោបាយ និងបរិយាកាសវិនិយោគយ៉ាងល្អឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ និងជាអនុប្រធានទី 1 អាជ្ញាធរមីន បានលេីកឡេីង ក្នុងកម្មវិធីជំនួបទំនាក់ទំនងធុរជនកំពូលៗលើកទី៣ (3rd High Net Worth Meetup) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាយល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ដែលរៀបចំដោយក្រុមហ៊ុន PLMP Venture capital ដែលមាន លោក DATO’ SRI DR PETER LIM ជាប្រធាន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា នាពេលឆាប់ៗខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងត្រូវបានចុះហត្ថលេខា ហើយអាចនឹងជួយឲ្យកម្ពុជាបង្កើនឱកាសវិនិយោគប្រកបដោយសក្តានុពល និងពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំ ទៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំក៏បានលេីកឡេីងអំពីមូលហេតុសំខាន់ៗ នៃការមកវិនិយោគនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្លាំងក្លា និងរឹងមាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺស្ថេរភាពនយោបាយ សុខសន្តិភាព និរន្តរភាពសេដ្ឋកិច្ច កំណេីនម៉ាក្រូសេដ្ឋកិច្ច អតិផរណាទាប ច្បាប់វិនិយោគមានការអនុគ្រោះច្រើន និងការអនុគ្រោះពន្ធជាដេីម ដែលក្នុងនោះ វិស័យ SMEs ក៏ត្រូវបានយកចិត្តទុកខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ផងដែរ។
សូមបញ្ជាក់ថា ការរៀបចំកម្មវិធីជំនួបទំនាក់ទំនងធុរជនកំពូលៗនេះ គឺដើម្បីគាំទ្រដល់កម្មវិធីសហប្រតិបត្តិការរបស់ក្រុមហ៊ុន PLMP Venture capital ក្នុងការជួយដល់សហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជា ឱ្យមានការរីកចម្រើន ទៅជាសាជីវកម្មលំដាប់ពិភពលោកក្នុងរយៈពេល ៥ឆ្នាំខាងមុខ រួមមានវិស័យកសិកម្ម ថាមពល ការកែច្នៃចំណីអាហារ ខ្សែចង្វាក់ផ្គត់ផ្គង់ និងផ្នែកវេជ្ជសាស្ត្រនិងបច្ចេកវិទ្យា សម្រាប់ការចុះបញ្ជីផ្សារមូលប័ត្រកម្ពុជា។
ជាមួយគ្នានេះ ក្រុមហ៊ុន PLMP Venture capital គ្រោងនឹងបង្កើតឱ្យមានវេទិកាបន្ថែមទៀត សម្រាប់ការចាប់ផ្តើម និងបង្កើតសហគ្រាសធុនតូចនិងមធ្យម ដើម្បីភ្ជាប់ទៅនឹងដើមទុន និងស្ថាប័នអន្តរជាតិជាពិសេសពីសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសក្នុងតំបន់ ផងដែរ៕ ដោយ៖កូឡាប