រតនគិរី ៖ យុវតីជនជាតិគ្រឹងម្នាក់ដែលតែងតែដេកក្នុងតូបលក់ដូរតែម្នាក់ឯងត្រូវបានឃាតករចាប់រំលោភហើយច្របាច់កសម្លាប់ចោលទាំងអក្រាតកាយ នៅក្នុងវាលស្មៅក្បែរតូបរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៨ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
បន្ទាប់ពីកើតហេតុ ឪពុកយុវតីរងគ្រោះ ឈ្មោះ ស៊ុត អាត់ ជនជាតិគ្រឹង បានឲ្យដឹងថា កូនស្រីគាត់ ឈ្មោះ អាត់ ស៊ីង អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង។ កូនស្រី តែងតែដេកក្នុងតូបលក់ចាប់ហួយម្នាក់ឯង គឺមិនឡើងដេកផ្ទះ នៅខាងក្រោយ ជាមួយក្រុមគ្រួសារនោះទេ ហើយយប់កើតហេតុនេះ មិនមានឮសូរសំឡេងអ្វី គួរឲ្យចាប់អារម្មណ៍ទេ ប៉ុន្តែចន្លោះម៉ោង៧-៨យប់ រូបគាត់ចូលមកក្នុងតូបលក់ចាប់ហួយ មិនឃើញដូចសព្វដង ក៏ដើររកជុំវិញផ្ទះ។ លុះដល់ម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែឃើញដេក ក្នុងវាលស្មៅ ក្បែរតូបលក់ចាប់ហួយ ទាំងអក្រាតកាយស្លាប់បាត់ទៅហើយ។
លោក ហាក់ ហ៊ន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ដឹកនាំសមត្ថកិច្ចនគរបាលជំនាញ នគរបាលមូលដ្ឋានអាវុធហត្ថមូលដ្ឋាន និងមន្ត្រីសុខាភិបាល បានធ្វើកោសល្យវិច័យ ហើយធ្វើការសន្និដ្ឋានថាជាករណីឃាតកម្ម ផ្តើមឡើងពីរំលោភសម្លាប់ ដោយសពមានស្នាមច្របាច់ក និងនៅកន្លែងកើតហេតុ មានស្នាមខ្ទេចខ្ទីរស្មៅដែលកើតឡើងពីប្រតាយប្រតប់គ្នា៕ ដោយ៖បញ្ញាស័ក្តិ