ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការបរិភោគ ឬលក់បក្សីឈឺ ឬងាប់ ក្នុងឱកាសចូលឆ្នាំចិន ព្រោះខ្លាចឆ្លងជំងឺផ្តាសាយបក្សី។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្ដគម្រោងជំនួយគ្លីនិកចល័ត នាទីស្ដីការក្រសួង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ថា ថ្ងៃបុណ្យចូលឆ្នាំចិន ខិតជិតមកដល់ខាងមុខនេះ នឹងមានតម្រូវការសាច់ច្រើន ដូចនេះសូមប្រជាពលរដ្ឋយើង ប្រុងប្រយ័ត្ន ពេលមាន មាន់ ទា ងាប់ ត្រូវកប់ទុកឲ្យបានត្រឹមត្រូវ កុំយកទៅលក់ ដែលអាចបណ្តាលឲ្យឆ្លងជំងឺផ្តាសាយបក្សី ។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា នេះជាការងារមួយ ដែលយើងត្រូវប្រុងប្រយ័ត្ន ព្រោះជាទូទៅជំងឺផ្ដាសាយបក្សី តែងតែកើតមានឡើងនៅរដូវត្រជាក់ ដូចជារដូវនេះ ហើយថ្ងៃបុណ្យចូលឆ្នាំចិន នឹងខិតមកដល់ខាងមុខនេះហើយ គឺមានតម្រូវការសាច់ច្រើន ដូចនេះសូមប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ពេលមាន មាន់ ទា ឈឺ ឬងាប់ ត្រូវកប់ឲ្យបានត្រឹមត្រូវ កុំយកទៅលក់ ហើយបើឃើញងាប់ច្រើន ត្រូវមកប្រាប់ពេទ្យសត្វ ដើម្បីជួយបង្ការកុំឲ្យសត្វឆ្លងមកសត្វបន្ថែមទៀត និងឆ្លងពីមនុស្សមកមនុស្ស ពិសេសកុំឲ្យក្មេងៗប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ហើយត្រូវមានអនាម័យ តែបើឃើញមានរោគសញ្ញាអ្វីប្លែក ប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់៕ ដោយ៖បញ្ញាស័ក្តិ