អាជ្ញាធរវៀតណាម បានឲ្យដឹងថា មនុស្សចំនួន ៣៧នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់ និងការរអិលបាក់ដី បង្កឡើងដោយភ្លៀងខ្លាំងពេក។
មនុស្សចំនួន ៤០នាក់ផ្សេងទៀតក៏បានបាត់ខ្លួនផងដែរ ចំណែកប្រជាជនវៀតណាមចំនួនរាប់ពាន់នាក់ត្រូវបានគេជន្លៀសចេញពីផ្ទះ ខណៈដែលគ្រោះមហន្តរាយវាយប្រហារភាគកណ្តាល និងខាងជើងប្រទេស។
ក្នុងចំណោមអ្នកបាត់ខ្លួនទាំងអស់ ក៏មានអ្នកកាសែតម្នាក់ផងដែរ ដែលត្រូវបានទឹកទាញយកទៅកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីស្ពានឆ្លងកាត់ទន្លេមួយបាក់ដោយសារកម្លាំងទឹក ខណៈពេលកំពុងធ្វើសេចក្តីរាយការណ៍ពីទឹកជំនន់ ។
ខេត្ត Yen Bai និង Hoa Binh ទទួលរងគ្រោះខ្លាំងជាងគេ ហើយបើតាមសេចក្តីរាយការណ៍គឺខេត្តទាំងពីរនេះទទួលរកការលិចជន់ពាសពេញ និងមានការរអិលបាក់ដី។
អាជ្ញាធរវៀតណាម បានដាក់ពង្រាយទាហ៊ានរាប់រយនាក់ ដើម្បីកិច្ចការសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួន៕ សុភ័ក្ត្រ