ភ្នំពេញ÷យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីជិះម៉ូតូក្នុងល្បឿនវ៉ាជែងអកហ្សឺ ជ្រុលទៅប៉ះនឹងកុងតឺន័របណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៩ និង៣០នាទីយប់ ទី៨ ខែសីហា ឆ្នាំ២០២០
ត្រង់ចំណុចមុខការ៉ាស់សាំង សូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងដែលមិនចាំផ្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ គេបានឃើញយុវជនម្នាក់ទៀតជិះម៉ូតូ ហុងដា ឌ្រីមសង់ ២០១៩ សេ ១២៥ពណ៌ខ្មៅ ដែលពាក់ផ្លាកលេខ កំពង់ឆ្នាំង 1F 5090 ធ្វើដំណើរក្នុងទិសដៅស្របទិសពីក្រោយរថយន្តកុងតឺន័រ ក្នុងទិសដៅពីត្បូងមកជើង ស្រាប់តែមកជិតដល់ចំណុចកើតហេតុក៏បានវ៉ាជែងរថយន្តមួយគ្រឿងទៀតដែលមិនចាំម៉ាក ក៏អកហ្សឺ ទៅប៉ះនិងកុងតឺន័របណ្តាលឲ្យខ្ទាតប្រហែល៥ ម៉ែត្រ បោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។
សពដែលស្លាប់មានឈ្មោះជឿន សីហា អាយុ ២២ ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំចោមចៅ មានស្រុកកំណើតក្នុងភូមិ សាអង់ ឃុំព្រះស្និទ្ធ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង។
រីឯរថយន្តនិងតៃកុងរត់គេចខ្លួនបាត់ស្រមោល ហើយសមត្ថកិច្ចកំពង់តែស្រាវជ្រាវបន្ថែម។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចទាក់ទងទៅខាងជំនាញចរាចរណ៍ផ្លូវគោក ឲ្យចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុដើម្បីប្រគល់សាកសព ជូនទៅដល់ក្រុមគ្រួសាយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សា មេត