ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២០នេះ ការផលិតអំបិលទទួលបានទិន្នផលច្រើនជាងបណ្តាឆ្នាំមុនៗ ពោលគឺ កម្ពុជាផលិតអំបិលបានជាង៨ម៉ឺនតោន។ ។
លោកប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលកំពត-កែប បានឱ្យដឹងថា ដោយសារតែអាកាសធាតុអំណោយផល ឆ្នាំនេះ ការផលិតអំបិលបានរហូតដល់ជាង ៨ម៉ឹន៣ពាន់តោន ព្រោះការផលិតមានរយៈពេលវែងជាងឆ្នាំមុន ខណៈការផលិតអំបិល កាលពីឆ្នាំ២០១៩បានតែ ៣.០០០តោនប៉ុណ្ណោះ ដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល ។
អ្នកផលិតអំបិលបានអះអាងថា ការផលិតអំបិលនៅឆ្នាំនេះ ហូបមិនអស់ទេ គឺនៅសល់ច្រើនទុកសម្រាប់ផ្គត់ផ្គង់នៅឆ្នាំបន្តបន្ទាប់។ តម្លៃអំបិលក្នុងមួយបាវទម្ងន់៥០គីឡូក្រាមលក់ថ្លៃពី១២,០០០ ទៅ ១៣,០០០រៀល ទៅតាមប្រភេទអំបិល ហើយម្យ៉ាងទៀត មិនអាចលក់ឡើងថ្លៃបាន ដោយសារទីផ្សារអំបិលខាងក្រៅវាយលុកចូលមកទីផ្សារក្នុងស្រុក។
គួរបញ្ជាក់ថា ផ្ទៃដីផលិតអំបិលរបស់សហគមន៍អ្នកផលិតអំបិលកំពត-កែប សរុបមានចំនួន៤៥.០០០ហិកតា៕
ដោយ៖CEN