ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១២ ដល់ទី ១៨ខែសីហាឆ្នាំ ២០២០ព្រះរាជាណាចក្រកម្ពុជាយើង បាននឹងកំពុង ទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប រួមជាមួយនឹងខ្យល់មូសុងនិរតី ខ្សោយដែលបង្កឱ្យមាន បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្ដាល ។
តាមរយៈនៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាស ធាតុ បង្ហាញឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជាយើង បាននឹងកំពុង ទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប រួមជាមួយនឹងខ្យល់មូសុងនិរតី ខ្សោយ ។ ព្យុះ ចំនួន ០២ បាននឹងកំពុងកើតមាន ក្នុងនោះ ព្យុះទី ៥ ឈ្មោះ យ៉ាងមី (ANGMI) បច្ចុប្បន្ន ស្ថិតក្បែរឧបទ្វីបកូរ៉េ និងបន្តដំណើរ ទៅភាគខាងជើង ។ ឯនៅក្នុងសមុទ្រចិនខាងត្បូង ទន្ទឹមនឹងកោះតៃវ៉ាន់ ព្យុះទី ៦ ឈ្មោះ មេខាឡា ( MEKKHALA ) បាននឹងកំពុងធ្វើដំណើរ ទៅកាន់ខេត្តណាន់ជីនប្រទេសចិន ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖
១- បណ្ដាខេត្តទៅតំបន់វាលទំនាបកណ្ដាល ៖សីតុណ្ហភាពអប្បបរមាមានពី ២៥ ទៅ ២៧°c ។ សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°c ។ ចាប់ពីថ្ងៃទី ១២-១៣ ខែសីហា បណ្តាខេត្តនានា នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះភ្លៀងនឹងកើនឡើងទាំងបរិមាណ ទាំងភាពសាយភាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ បណ្តាខេត្តនៅ វាលទំនាបកណ្តាលភាគពាយ័ព្យ និងបណ្តាខេត្តដែលមានព្រំប្រទល់ជាប់និងវៀតណាមអាចនឹងមានភ្លៀងច្រើន ។
២- បណ្ដាខេត្តនៅតំបន់ផ្នូរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C ។ សីតុណ្ហភាពអតិបរមា មានពី ២៧ -២៩°c ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន ។
៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C។ សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្ដាល៕ ដោយ៖កូឡាប