ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានអនុញ្ញាឱ្យ លោក អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូបេស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួសម និងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាឈ្វែងយល់ពីសមិទ្ធផល និងការអភិវឌ្ឍខេត្តស្វាយរៀង ក៏ដូចជាការដកស្រង់បទពិសោធន៍ល្អៗ ពីរដ្ឋបាលខេត្តយកទៅអភិវឌ្ឍ នៅតំបន់ព្រំដែននៃប្រទេសទីម័រ។
មានប្រសាសន៍ទៅកាន់ លោក អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូបេស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោកអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្តានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និង កសិកម្មជាដើម ជាពិសេសការផ្តល់ការងារ ធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងមកពីតាមបណ្តាខេត្តជាង៨ម៉ឺននាក់។
ទន្ទឹមនោះ លោកអភិបាលខេត្តបានជម្រាបជូនអំពីស្ថានភាពបច្ចុប្បន្ន និងវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។
លោក ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះលោក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាឈ្វែងយល់ពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ និងរីករាយក្នុងការផ្តល់ មតិបទពិសោធន៍ដើម្បីជំរុញ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនខេត្តស្វាយរៀង ក៏ដូចជាតំបន់ព្រំដែននៃប្រទេសទីម័រ៕ដោយ៖វ៉ៃកូ