ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចជះឥទ្ធិពលគួរឱ្យបារម្ភចំពោះសុខភាពឆ្អឹងខ្នង។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះជាទម្លាប់មិនល្អមួយចំនួនដែលអ្នកគួរកែប្រែដើម្បីចៀសផុតពីបញ្ហាឈឺខ្នង ៖
១. គេងលើពូកចាស់
ពូកល្អមួយអាចរក្សាគុណភាពត្រឹមពី ៨ ទៅ ១០ ឆ្នាំប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនធ្លាប់ផ្លាស់ប្ដូរពូកថ្មីសោះសម្រាប់រយៈពេលច្រើនជាង ១០ ឆ្នាំហើយនោះឆ្នឹងកងខ្នងប្រាកដជាមិនអាចទទួលបានការទប់ទ្រស្របតាមតម្រូវការឡើយ។ ជាលទ្ធផលអាការៈឈឺខ្នងនឹងលេចឡើង! ដើម្បីជាការប្រសើរចូរផ្លាស់ប្ដូរពូកចាស់ចេញដោយជំនួសមកវិញនូវពូកថ្មីដែលមិនរឹងពេក ឬទន់ពេក។
២. ស្ពាយកាតាបធ្ងន់ៗពេក
ទម្លាប់ស្ពាយកាតាបធ្ងន់ៗពេក គឺមិនល្អសោះឡើយចំពោះសុខភាពឆ្អឹងខ្នង។ សូម្បីតែសន្លាក់ត្រង់-កនិងស្មាក៏នឹងទទួលរងផលប៉ះពាល់ដែរ!
៣. ការអង្គុយពេញមួយថ្ងៃ
ការចំណាយពេលអង្គុយច្រើនក្នុងមួយថ្ងៃៗអាចធ្វើឲ្យអ្នកប្រឈមមុខ នឹងហានិភ័យនៃបញ្ហាសុខភាពគ្រោះថ្នាក់ ដល់អាយុជីវិតបាន! ការអង្គុយផ្ដល់សម្ពាធដល់ឆ្អឹងខ្នងច្រើនជាងការឈរ។ ម្យ៉ាងវិញទៀតទម្លាប់នេះក៏អាចបណ្ដាលឱ្យសាច់ដុំខ្នង ចុះខ្សោយដោយសារភាពអសកម្មផងដែរ។ ការអង្គុយយូរៗពេកក្នុងមួយថ្ងៃ អាចធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យ នៃបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងអាការៈឈឺខ្នង ជំងឺធាត់ជ្រុល ឈឺសន្លាក់ ពុកឆ្អឹង លើសឈាម ជំងឺធ្លាក់ទឹកចិត្ត និងជំងឺបេះដូង។
៤. ស្ត្រេសពេក
សាច់ដុំត្រង់ក និងខ្នងក៏រងភាពតានតឹងផងដែរនៅពេលអ្នកស្ត្រេស។ ជាលទ្ធផលហានិភ័យនៃអាការៈឈឺចាប់រោយក និងឆ្អឹងខ្នងក៏កើនឡើងខ្ពស់។
៥. មិនធ្វើលំហាត់ប្រាណសោះ
ការធ្វើលំហាត់ប្រាណជួយដល់បង្កើនការលូតលាស់ នៃសាច់ដុំដែលចាំបាច់សម្រាប់ការទ្រទ្រង់ខ្នង។ នៅពេលអ្នកមិនបានធ្វើលំហាត់ប្រាណគ្រប់គ្រាន់ទេ នោះអាការៈឈឺខ្នងនឹងលេចឡើង។ ការមិនធ្វើលំហាត់ប្រាណសោះ ក៏ជះឥទ្ធិពលដល់សុខភាពសន្លាក់គួរឱ្យកត់សម្គាល់ ដោយលំហូរឈាមទៅកាន់សន្លាក់ ត្រូវបានកាត់បន្ថយនៅពេលអ្នកមិនធ្វើសកម្មភាពរាងកាយអ្វីសោះ។ ខណៈនេះសន្លាក់នឹងត្រូវខ្វះការផ្គត់ផ្គង់នូវអុកស៊ីហ្ស៊ែន ព្រមទាំងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាភាពរឹងមាំសុខភាពល្អ។ ការធ្វើលំហាត់ប្រាណទៀងទាត់ ឬរាងកាយមានភាពសកម្មពិតជាអាចជួយទប់ស្កាត់បញ្ហាសន្លាក់បានយ៉ាងប្រសើរ៕
ប្រភព៖ health.com.kh