ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានរកឃើញការឆ្លងវីរុសកូរ៉ូណាចំនួន ១០៣ករណីបន្ថែម ដែលក្នុងនោះមាន ៨៥ករណីឆ្លងក្នុងស្រុក ហើយវាគឺជាករណីឆ្លងក្នុងស្រុកច្រើនបំផុតគិតត្រឹមបំណាច់ខែមីនាមក។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (KCDC)។
ការរកឃើញករណីឆ្លងថ្មីជាង ១០០បន្ថែមនេះ ធ្វើឲ្យតួលេខឆ្លងសរុបក្នុងប្រទេសនេះកើនដល់ ១៤.៨៧៣នាក់ និងមានអ្នកស្លាប់ ៣០៥នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ពេលយប់។
សូមរំលឹកថា កូរ៉េខាងត្បូង ជាប្រទេសដំបូង បន្ទាប់ពីចិនដែលទទួលរងការវាយប្រហារដ៏ខ្លាំងបំផុតពីវីរុសកូរ៉ូណា ប៉ុន្តែប្រទេសនេះបានធ្វើការគ្រប់គ្រងការរាតត្បាតបានយ៉ាងល្អ តាមរយៈកម្មវិធីធ្វើតេស្ត និងព្យាបាលដ៏ទូលំទូលាយ ហើយប្រទេសនេះមិនដែលប្រកាសបិទប្រទេសបណ្តោះអាសន្នឡើយ។
វីរុសកូរ៉ូណា ដែលមានឈ្មោះផ្លូវការថា COVID-19 ត្រូវបានគេជឿជាក់ថា បានផ្ទុះចេញពីទីផ្សារសត្វព្រៃ និងគ្រឿងសមុទ្ធ ក្នុងទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំមុន។ វីរុសនោះបានរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក។
តួលេខចុងក្រោយ បានបង្ហាញថាវាបានឆ្លងទៅកាន់មនុស្សជាង ២០,៦លាននាក់ និងបានសម្លាប់មនុស្សជាង ៧៤៩,០០០នាក់ទូទាំងពិភពលោក៕
ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Agencies