ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងឆ្នាំ២០១៧-២០១៨”។ នេះបើតាមលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាប់ផ្តើមពិភាក្សាលើរបៀបវារៈលើ “សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងឆ្នាំ២០១៧-២០១៨” នៅថ្ងៃទី១៤ខែសីហានេះ។
លោកផៃ ស៊ីផាន បានលើកឡើងពីខ្លឹមសារសង្ខេបដូចខាងក្រោម៖ ទម្រង់នៃរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ក្នុងឆ្នាំ២០១៧-២០១៨ ដែលមាខ្លឹមសារចំនួន ៤ គឺ១- សេចក្តីផ្តើម ២- វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ ៣- បញ្ហាប្រឈម និងហានិនៃការអនុវត្តគោលនយោបាយ និង៤- សេចក្តីសន្និដ្ឋាន។
១) ខ្លឹមសារសង្ខេបនៃរបាយការណ៍
គោលដៅចម្បងទាំងបី នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ បានដឹកនាំសម្របសម្រួល និង/ឬអនុវត្តវិធានការគោលនយោបាយ និងផែនការសកម្មភាពដែលខ្លួនទទួលខុសត្រូវ ដោយសម្រេចបានពេញលេង និងមានវឌ្ឍនភាពសំខាន់ៗដូចខាងក្រោម៖
គោលដៅទី១ : គោលនយោបាយ គឺការកែប្រ និងពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្មក្នុងសេដ្ឋកិច្ចជាតិដោយបង្កើនអនុបាតវិស័យឧស្សាហកម្មក្នុង ផ.ស.ស ឱ្យបាន៣០% នៅឆ្នាំ២០២៥ ក្នុងនោះវិស័យកម្មន្តសាលត្រូវកើនដល់២០%។ ជាក់ស្ដែង អនុបាតវិស័យឧស្សាហកម្មក្នុង ផ.ស.ស បានកើនឡើងពី ២៧,៧% នៅឆ្នាំ២០១៥ ដល់ ៣២,៦% នៅឆ្នាំ២០១៨ ពោលគឺសម្រេចបានមុនគោលដៅបានកំណត់នៅឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ អនុបាតវិស័យកម្មន្តសាលក្នុង ផ.ស.ស បានកើនឡើងពី ១៦,០% នៅឆ្នាំ២០១៥ ដល់ ១៦,៣%នៅឆ្នាំ២០១៨ កំណើននេះមានលក្ខណៈយឺត បើធៀបនឹងគោលដៅឆ្នាំ២០២៥។
គោលដៅទី២: គោលនយោបាយ គឺការបង្កើន និងពិពិធកម្មមុខទំនិញនាំចេញ ដោយបង្កើនការនាំចេញទំនិញកម្មន្តសាល (មិនមែនជាវាយនភណ្ឌ) ឱ្យបាន ១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ជំរុញនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន ១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។ ជាក់ស្តែង ចំណែកនៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានការថយចុះជាលំដាប់ពី ៧១,៦% នៃបរិមាណនាំចេញសរុប នៅឆ្នាំ២០១៥ មកត្រឹម ៦៩,២% នៅឆ្នាំ២០១៨។ ដោយឡែក ការនាំចេញសរុប នៅឆ្នាំ២០១៥ដល់១៣,៣% នៅឆ្នាំ២០១៨ គឺសម្រេចបានប្រមាណ៨៨,៦% បើធៀបនឹងគោលដៅឆ្នាំ២០២៥។ ទន្ទឹមនឹងនេះការនាំចេញកសិកផលកែច្នៃ ក៏មានការកើនឡើងពី ៥,៩% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០១៥ ដល់ ៧,០% នៅឆ្នាំ២០១៨ សម្រេចបានប្រមាណ ៥៨,៣% បើធៀបនឹងគោលដៅឆ្នាំ២០២៥។ ទិន្នន័យទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាបានកំពុងធ្វើពិពិធកម្មមុខទំនិញនាំចេញរបស់ខ្លួនជាបន្តបន្ទាប់ និងបន្តជំរុញកំណើននៃការនាំចេញកសិផលកែច្នៃឱ្យកាន់តែសម្បូរបែប ដោយមិនពឹងផ្អែកតែលើការនាំទំនិញកម្មន្តសាលផ្នែកសម្លៀកបំពាក់ និងស្បែកជើងនោះទេ។
គោលដៅទី៣: គោលនយោបាយ គឺនៅឆ្នាំ២០២៥ សហគ្រាសធុនតូច និងមធ្យម ៨០% និង៩៥%រៀងគ្នា និងត្រូវបានចុះបញ្ជីជាផ្លូវការ ហើយសហគ្រាសធុនតូច និងមធ្យម ៥០% និង៧០%រៀងគ្នា នឹងមានបញ្ជិកាគណនេយ្យ និងតារាងតុល្យការត្រឹមត្រូវ។ ការចុះបញ្ជីផ្លូវការនៃសហគ្រាសធុនតូច មធ្យម និងធំ មានការកើនឡើងពី ៣៧% ៧២% និង៩៣% នៅឆ្នាំ២០១០ ដល់ ៧៦% ៨៧% និង៩៨% នៅឆ្នាំ២០១៨ ជិតសម្រេចបានតាមគោលដៅឆ្នាំ២០២៥។ សហគ្រាសធុនមធ្យមដែលមានតារាងតុល្យការបានកើនឡើងពី២៤% ក្នុងឆ្នាំ២០១០ ដល់៧២% ក្នុងឆ្នាំ២០១៨ លើសពីគោលដៅឆ្នាំ២០២៥ ខណៈដែលសហគ្រាសធុនតូច និងធុនធំមានតារាងតុល្យការបានកើនឡើង ៤% និង៦៦% ក្នុងឆ្នាំ២០១០ ដល់២៨% និង៨៧% ក្នុងឆ្នាំ២០១៨។
វិធានការទី១: រៀបចំ និងអនុវត្តផែនការបញ្ចុះថ្លៃអគ្គិសនីសម្រាប់វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម រួមទាំងការពង្រឹងភាពទុកចិត្ត និងការពង្រីកវិសាលភាពគ្របដណ្ដប់នៃការផ្គត់ផ្គង់អគ្គិសនី
គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ដែលសម្រេចដាក់ស្ដែងត្រឹមដំណាច់ឆ្នាំ២០១៨ គឺស្ថិតកម្រិត១ “សម្រេចបានពេញលេញ” ស្របតាមគោលដៅដែលបានកំណត់នៅក្នុងសូចនាករ នៃវិធានការនេះរួមមាន៖
– ការរៀបចំ និងការអនុវត្តផែនការបញ្ចុះថ្លៃអគ្គិសនីសម្រាប់វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម
– ការពង្រឹងភាពជឿទុកចិត្ត និងការពង្រីកវិសាលភាពគ្របដណ្ដប់នៃការផ្គត់ផ្គង់អគ្គិសនីឱ្យដល់គ្រប់តំបន់ឧស្សាហកម្ម។
វិធានការទី២: រៀបចំ និងអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម
គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ក្នុងឆ្នាំ២០១៧-២០១៨ ដែលការអនុវត្តវិធានការគន្លឹះស្ថិតនៅកម្រិតទី២ គឺ “សម្រេចបានភាគច្រើន”។
វិធានការទី៣ : ពង្រឹង និងបន្ដអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្ដុះបណ្ដាលជំនាញ
សូចនាករដែលបានកំណត់នៅក្នុងវិធានការទី៣ ត្រូវបានសម្រេចក្នុងកម្រិតទី២ ពោលគឺ “សម្រេចបានភាគច្រើន”។ ទោះបីជាលទ្ធផលវិធានការនេះ សម្រេចបានភាគច្រើនតាមសូចនាករ ចំណុចប្រឈមនៃការអនុវត្តវិធានការបន្ត គឺកង្វះភាពចាស់ទុំ និងក្រមសីលធម៌នៃអង្គការវិជ្ជាជីវៈក្នុងការដោះស្រាយវិវាទការងារ និងការចរចាផ្សេងៗ រីឯចំនួនកម្មករជំនាញដែលទទួលបានបណ្ដុះបណ្ដាល មានចំនួចតិចតួច មិនទាន់ឆ្លើយតបទៅនឹងកម្រិតនៃការចង់បាន ដើម្បីទាក់ទាញគម្រោងវិនិយោគថ្មីៗ។
វិធានការទី៤ : អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលគ្រោងអនុវត្តតាមគោលការណ៍តំបន់រដ្ឋបាលពិសេស”
ការអនុវត្តវិធានការនេះ អាចត្រូវបានចាត់ទុកថាសម្រេចបានតាមសូចនាករដែលកំណត់ និងទាមទារឱ្យមានការគិតគូរឱ្យបានល្អិតល្អន់ជាមុនលើគ្រប់ទិដ្ឋភាព គោលនយោបាយទិដ្ឋភាពច្បាប់ រួមទាំងផែនការប្រតិបត្តិក្នុងកម្រិតបច្ចេកទេស និងការអនុវត្តសកម្មភាពគាំទ្រនានា។ ក្រៅពីវឌ្ឍនភាពនៃការអនុវត្តវិធានការទាំង៤ ៖
– ការជំរុញការទាក់ទាញវិនិយោគ
– ការពង្រីកនឹងទំនើវសកម្មសហគ្រាសធុនតូច និងមធ្យម
– ការកែលម្អបរិស្ថាននិយ័តកម្ម
– ការសម្របសម្រួលគោលនយោបាយគាំទ្រ ដែលបានកំណត់នៅក្នុងតារាងម៉ាទ្រិស “ឃ” នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា។
ការអនុវត្តគោលនយោបាយនេះក៏បានជួបប្រទះបញ្ហាប្រឈម និងហានិភ័យមួយចំនួន ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការដាក់ចេញ និងអនុវត្តផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ បញ្ហាប្រឈមនិងហានិភ័យទាំងនោះ រួមមាន៖
– ភាពប្រកួតប្រជែងរបស់កម្ពុជានៅមានកម្រិត៖ បញ្ហាថ្លៃដើមផលិតកម្មដូចជា ថ្លៃដឹកជញ្ជូន ថ្លៃអគ្គីសនីនៅស្ថិតក្នុងកម្រិតមួយខ្ពស់ បើធៀបនឹងប្រទេសជិតខាង និងការកើនឡើងនូវប្រាក់ឈ្នួលអប្បបរមា ខណៈដែលផលិតភាពការងារនៅមានកម្រិត
– បរិស្ថានធុរកិច្ច និងវិនិយោគដែលកាន់តែមានភាពអំណោយផលរបស់ប្រទេសក្នុងតំបន់៖ ការដាក់ចេញនូវគោលនយោបាយអនុគ្រោះពាក់ព័ន្ធនឹងការជំរុញ និងលើកទឹកចិត្តការវិនីយោគរបស់បណ្ដាប្រទេសក្នុងតំបន់ ជាពិសេសប្រទេសថៃ រៀតណាម និងមីយ៉ាន់ម៉ា ដែលអាចប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា
– ការប្រែប្រួលភូមិសាស្ត្រនយោបាយ៖ ភាពមិនច្បាស់លាស់នៃទស្សនវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ដោយរាប់បញ្ជូលទាំងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសមហាអំណាចក្រោមគោលការណ៍គាំពារនិយម អាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា
– ការផ្លាស់ប្ដូរលក្ខខណ្ឌនៃការផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិ៖ ការបោះជំហានរបស់កម្ពុជាចេញពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបអាចធ្វើឱ្យដៃគូរអភិវឌ្ឍផ្លាស់ប្ដូរលក្ខខណ្ឌនៃការផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការ។ ក្រៅពីបញ្ហាប្រឈមចម្បងខាងលើ ការអនុវត្តគោលនយោបាយនេះ ក៏ជួបប្រទះការលំបាកមួយចំនួនទៀត ដូចជាការសម្របសម្រួល និងការកសាងសមត្ថភាពស្ថាប័ននៅមានកម្រោត ព្រមទាំងបញ្ហាកង្វះថវិការ និងធនធានមនុស្សសម្រាប់គាំទ្រលើវិធានការមួយចំនួន។
ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ក្នុងឆ្នាំ២០១៧-២០១៨ សន្និដ្ឋានបានថា ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ បាននិងកំពុងអនុវត្តនូវវិធានការគោលនយោបាយនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងស្ថិតនៅក្នុងទិសដៅត្រឹមត្រូវ ដែលអាចឈានទៅសម្រេចគោលដៅដែលបានកំណត់នៅឆ្នាំ២០២៥។
ជាលទ្ធផលការអនុវត្តគោលនយោបាយនេះទទួលបាននូវវឌ្ឍនភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដែលត្រូវបានធ្លុះបញ្ជាំងតាមរយៈការសម្រេចបានជាបន្តបន្ទាប់នូវគោលដៅចម្បងទាំងបី និងវិធានការគន្លឹះបួនជាក់ស្ដែង នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា។ ទន្ទឹមនឹងនេះ ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា នារយៈកាលកន្លងមក បានជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យមួយចំនួន ដែលតម្រូវឱ្យតួអង្គពាក់ព័ន្ធទាំងអស់រួមមាន ស្ថាប័នជាតិ វិស័យឯកជណ និងដៃគូអភិវឌ្ឍ បន្ដកិច្ចសហការក្នុងការគ្រប់គ្រង និងដោះស្រាយប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត និងទាន់ពេលវេលា ពិសេសធ្វើការបន្ស៊ីទៅនឹងសភាពការណ៍ដែលមានការប្រែប្រួលឥតឈប់ឈរ ដើម្បីធានាភាពជោគជ័យនៃគោលនយោបាយនេះ៕ ដោយ៖កូឡាប