ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក Range Rover ស៊េរីទំនើបមួយគ្រឿងបោះពួយក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកក្បាលថ្ម ព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងឯរថយន្តបែកម៉ាសុីន ខូចខាតស្ទើរទាំងស្រុង តៃកុងរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហាឆ្នាំ២០២០ ស្ថិតនៅចំណុចស្តុបចំការមន តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AL-2721 ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងសន្ថានភាពស្រវឹងស្រាបោះពួយក្នុងល្បឿនលឿនដូចហោះលុះដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលបាក់អស់មួយកង់ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងនិងបែកម៉ាស៊ីនរងការខូចខាតស្ទើរទាំងស្រុង និងបន្សល់ទុកនូវលុយដុល្លារមួយចំនួននៅក្នុងរថយន្ត។រីឯតៃកុងរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
.
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ដោយ៖សា មេត