កោះតៃវ៉ាន់ កាលពីថ្ងសុក្រម្សិលមិញនេះ បានសម្រេចកិច្ចព្រមព្រៀងថ្មី ដើម្បីទិញយន្តហោះចំបាំង F-16 ពីក្រុមហ៊ុនអាមេរិច Lockheed Martin។ កិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះនោះមានតម្លៃជាទឹកប្រាក់ ៦២ពាន់លានដុល្លារ និងមានរយៈពេល ១០ឆ្នាំ។
មន្ទីរបញ្ចាកោណអាមេរិច បានប្រកាសពីកិច្ចសន្យានោះដោយមិនបញ្ជាក់លម្អិតពីអ្នកបញ្ជាទិញឡើយ ប៉ុន្តែប្រភពដែលស្និទ្ធនឹងបញ្ហានោះ បានបញ្ជាក់ប្រាប់ទីភ្នាក់ងាសារព័ត៌មាន AFP ថា តៃវ៉ាន់ជាអ្នកទិញ។
កាលពីឆ្នាំមុន តៃវ៉ាន់បានទទួលភ្លើងបៃតងពីអាមេរិច សម្រាប់ការទិញយន្តហោះចំបាំងជំនាន់ថ្មី F-16s ដែលអាចធ្វើឲ្យតៃវ៉ាន់ធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួន។
កិច្ចសន្យាថ្មី ដែលមន្ទីរបញ្ចាកោណអាមេរិចនិយាយថា ជាការបញ្ជាទិញយន្តហោះចំបាំងចំនួន ៩០គ្រឿង ផ្តល់យន្តហោះដ៏ទំនើប ជាមួយនឹងបច្ចេកវិទ្យា និងអាវុធថ្មីបំផុត។
ទីក្រុងប៉េកាំងអះអាងថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងប្តេជ្ញាប្រើកម្លាំងទ័ពវាយតៃវ៉ាន់យកមកគ្រប់គ្រងវិញ ប្រសិនជាតៃវ៉ានហ៊ានប្រកាសឯករាជ្យ។
ទីក្រុងវ៉ាស៊ីនតោន ដែលបានផ្តាច់ទំនាក់ទំនងការទូតពីតៃវ៉ាន់ក្នុងឆ្នាំ ១៩៧៩ នៅតែជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពល និងជាអ្នកផ្គត់ផ្គងអាវុធដ៏សំខាន់របស់តៃវ៉ាន់។
ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Lockheed Martin កើតឡើង ខណៈពេលដែលទីក្រុងប៉េកាំង បានបញ្ចេញសាច់ដុំនៅក្នុងទីក្រុងហុងកុង តាមរយៈការចេញច្បាប់សន្តិសុខជាតិ ដែលវិធានការរបស់ចិននោះ ធ្វើឲ្យមានការព្រួយបារម្ភនៅតៃវ៉ាន់៕
ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP