អ្នកជំនាញនិយាយថា ការធ្វើឲ្យទំនាក់ទំនងការទូតរវាងអ៊ីស្រាអ៊ែល និងអារ៉ាប់រួមមកធម្មតាវិញ អាចជួយត្រួសត្រាយផ្លូវសម្រាប់ការលក់អាវុធអាមេរិចកាន់តែច្រើន ទៅកាន់ប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្ស។
ការថ្លែងបែបនេះរបស់អ្នកជំនាញ កើតឡើងបន្ទាប់ពី ប្រទេសអ៊ីស្រាអ៊ែល និងអារ៉ាប់រួម បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងធ្វើឲ្យទំនាក់ទំនងការទូតវិលត្រឡប់មករកភាពធម្មតាវិញ និងបង្កើតទំនាក់ទំនងថ្មីឲ្យទូលំទូលាយ ក្រោមកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ ដែលមានលោកប្រធានាធិបតី ដូណាល់ ត្រាំជាមេអណ្តើក។
កិច្ចព្រមព្រៀងនោះ បានធ្វើឲ្យប្រទេសអារ៉ាប់រួមក្លាយជាប្រទេសទី ៣ក្នុងតំបន់ឈូងសមុទ្រដែលបានធ្វើកិច្ចព្រមព្រៀងនោះជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល។ អ៊ីស្រាអ៊ែលបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងអេហ្សីប ក្នុងឆ្នាំ ១៩៧៩ និងជាមួយហ្ស៊កដានី ក្នុងឆ្នាំ ១៩៩៤។
ឯកអគ្គរដ្ឋទូតអាមេរិចប្រចាំប្រទេសអ៊ីស្រាអ៊ែល លោក David Friedman និយាយថា “នៅពេលអារ៉ាប់រួមកាន់តែច្រើនក្លាយជាមិត្ត និងដៃគូរបស់អ៊ីស្រាអ៊ែល និងក្លាយជាសម្ព័ន្ធមិត្តក្នុងតំបន់របស់អាមេរិច ខ្ញុំគិតថា ជាការផ្លាស់ប្តូរការវាយតម្លៃលើការគំរាមកំហែង និងអាចមានប្រយោជន៍ដល់អារ៉ាប់រួម”។
អាមេរិចបានធ្វើការធានាថា អ៊ីស្រាអ៊ែលទទួលបានអាវុធកាន់តែទំនើបរបស់អាមេរិចជាង ប្រទេសក្នុងតំបន់អារ៉ាប់ទទួលបាន។ ឧទាហរណ៍ គឺថា យន្តហោះចំបាំង F-`35 ដែលផលិតដោយក្រុមហ៊ុនអាមេរិច Lockheed Martin ដែលអ៊ីស្រាអ៊ែលបានប្រើប្រាស់ក្នុងការប្រយុទ្ធ ប៉ុន្តែបច្ចុប្បន្ន ប្រទេសអារ៉ាប់រួមមិនអាចទិញបានទេ។
លោក David Makovsky នាយកគម្រោងអំពីទំនាក់ទំនងអ៊ីស្រាអ៊ែល-អារ៉ាប់នៅវិទ្យាស្ថានគោលនយោបាយអាស៊ីខាងលិច បាននិយាយថា “វាគឺជាកិច្ចព្រមព្រៀងឈ្នះ សម្រាប់ប្រទេសអារ៉ាប់រួម ដែលនឹងអាចមានសិទ្ធិទទួលបានការលក់អាវុធ ដែលខ្លួនមិនទទួលបានពីមុន ដោយសារតែការរឹតត្បិតផ្នែកយោធា ដោយសារតែមានការព្រួយបារម្ភពីការប្រើប្រាស់បច្ចេកវិទ្យានោះប្រឆាំងនឹងអ៊ីស្រាអ៊ែល”។
កាលពីខែឧសភា ក្រសួងការបរទេសអាមេរិចបានអនុម័តការលក់រថពាសដែលមួយទឹកចំនួន ៤.៥៦៩គ្រឿងទៅអោយប្រទេសអារ៉ាប់រួម ក្នុងតម្លៃ ៥៥៦លានដុល្លារ។
សមាជិកសភាអាមេរិចបានព្យាយាមទប់គម្រោងរបស់រដ្ឋបាលលោកដូណាល់ ត្រាំ ក្នុងការលក់អាវុធ ដែលជាពិសេសលក់ទៅឲ្យប្រទេសអារ៉ាប់ប៊ី សៅអូឌីត និងអារ៉ាប់រួម ដើម្បីដាក់សម្ពាធលើប្រទេសទាំងនោះ ធ្វើឲ្យប្រសើរឡើងនូវកំណត់ត្រាសិទ្ធិមនុស្ស និងធ្វើបន្ថែមទៀត ដើម្បីកុំឲ្យមានការស្លាប់ដល់ជនស៊ីល នៅក្នុងយុទ្ធនាការតាមដែនអាកាសប្រឆាំងនឹងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងសង្គ្រាមនៅប្រទេសយេមែន៕
ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters