ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បាននិយាយថាប្អូនប្រុសបង្កើតរបស់គាត់កំពុងស្ថិតក្នុងពេលដ៏លំបាកខ្លាំង ខណៈដែលគាត់បានទៅមើលគាត់នៅក្នុងមន្ទីរពេទ្យក្រុងញូវយ៉ក។
លោកបានពាក់ម៉ាសពណ៌ខ្មៅ នៅពេលគាត់ដើរចូលក្នុងមន្ទីរពេទ្យ New York-Presbyterian Hospital កាលពីរសៀលថ្ងៃសុក្រ និងបាននៅក្នុងមន្ទីរពេទ្យអស់រយៈពេល ៤៥នាទី។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិចបានចុះផ្សាយថា លោក Robert Trump វ័យ ៧២ឆ្នាំ បានឈឺធ្ងន់ ប៉ុន្តែគេមិនបានដឹងច្បាស់ថា ហេតុអ្វីគាត់ត្រូវបានគេយកចូលមន្ទីរពេទ្យនោះ។
លោក Robert Trump ធ្លាប់គ្រប់គ្រងការវិនិយោគទុកអចលនទ្រព្យរបស់អាណាចក្រទ្រព្យសម្បត្តិ Trump។
លោកត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ខ្ញុំសង្ឃឹមថាគាត់មិនអីទេ។ គាត់កំពុងជួបពេលវេលាដ៏លំបាកខ្លាំង”។
បន្ទាប់ពីការចូលសួរសុខទុកប្អូនប្រុសនៅមន្ទីរពេទ្យ លោកត្រាំ ដែលមានវ័យ ៧៤ឆ្នាំ បានធ្វើដំណើរតាមយន្តហោះទៅកាន់ក្លឹបវាយកូនហ្គោលរបស់គាត់ នៅទីក្រុង Bedminster រដ្ឋ New Jersey សម្រាប់សម្រាកចុងសប្តាហ៍។
លោកក៏បាននិយាយថា “ខ្ញុំមានប្អូនប្រុសដ៏អស្ចារ្យ។ ពួកយើងមានទំនាក់ទំនងដ៏អស្ចារ្យជាមួយគ្នាជាយូរមកហើយ”៕
ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC