Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់បែក​គីមី​របស់​អាមេរិក រកឃើញ​ក្មេង​៣​នាក់ កើតមក ម៉ាត់​វៀច ក្បាល​ធំ និង​កើត​រមាស់​លើ​ស្បែក

ស្វាយរៀង​៖​កូន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង ចំនួន​៣​នាក់ ដែល​បាន​កើតមក មិន​ប្រក្រតី ដូចជា ម៉ាត់​វៀច ក្បាល​ធំ និង​កើត​រមាស់​លើ​ស្បែក តាំងពី​ពេល​ពួកគេ​កើតមក​ម្ល៉េះ ។ ការ​កើតមក​របៀបនេះ ដោយសារតែ​ឥទ្ធិពល​ដ៏​សាហាវ នៃ​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក ដែល​បាន​បន្សល់ទុក​ក្រោយពី​ទម្លាក់​ពី​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​កាលសម័យ​សង្គ្រាម​ពី​ឆ្នាំ​១៩៦៣​ដល់​១៩៧៥ ដែល​កើតមាន​នៅក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ ដោយ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ផលប៉ះពាល់​សុខភាព​បណ្តាលមកពី​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក​ដែល​បាន​បន្សល់ទុក​ពី​សម័យ​សង្គ្រាម លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ចុះ​ពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ដែល​បាន​រកឃើញ​គ្រាប់បែក​នោះ​ក្នុង​ខេត្តស្វាយរៀង ហើយ​បានចេញ​សេចក្តីណែនាំ​ជូន​ដល់​ប្រជាជន​ទូទៅ​ផងដែរ​។​

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បាន​ថ្លែងថា ការប្រទះឃើញ​បែបនេះ ក្រោយពី​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត បាន​សហការគ្នា​ចុះ​អង្កេត​ស្រាវជ្រាវ​ដល់​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែលជា​ទីកន្លែង​ដែលមាន​វត្តមាន​គ្រាប់បែក​គីមី​របស់​អាមេរិក កាលពី​សម័យ​សង្គ្រាម​បន្សល់ទុក​យ៉ាង​រាយប៉ាយ​។ ក្រុមការងារ​បាន​ពិនិត្យ​សុខភាព​របស់​ប្រជាពលរដ្ឋ ហើយ​យើង​បាន​រកឃើញ​ក្មេង​តូចៗ​៣​នាក់ កើតមក​មាន​ភាពមិន​ប្រក្រតី​។ ក្នុងនោះ​មាន​ក្បាល​ធំ មាត់​វៀច ហើយ​មាន​ម្នាក់ទៀត​រមាស់​ស្បែក​មិន​ឈប់​នោះឡើយ​។ ដោយ​ក្មេង​ខ្លះ​ដល់​អាយុ​១៤​ឆ្នាំ តាម​ការពិនិត្យ ភាពមិនប្រក្រតី​របស់​ក្មេង​ទាំងនេះ ដោយសារ​ឥទ្ធិពល​គ្រាប់បែក​គីមី​របស់​អាមេរិក​នេះ​តែម្តង​ហើយ អាចមាន​កូនចៅ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​គគីរ​ជាច្រើន ជួប​ភាពមិនប្រក្រតី​ដោយសារតែ​ឥទ្ធិពល​គ្រាប់បែក​គីមី​នេះ ហើយ​ក្រុមការងារ​របស់លោក​នឹង​បន្ត​ពិនិត្យ សុខភាព​របស់​ប្រជាពលរដ្ឋ និង​រកឃើញ​ដែល​រង​ផលប៉ះពាល់​បន្តទៅទៀត​។​

​លោក ម៉ម ប៊ុនហេង បាន​ថ្លែងថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានសម្រេច​ឲ្យ​សាងសង់​មណ្ឌល​សុខភាព​ថ្មី​មួយ នៅក្នុង​មូលដ្ឋាន​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង ទី​ដែល​គ្រាប់បែក​គីមី​ដ៏​សាហាវ​របស់​អាមេរិក​ប​ន្ស​ល់​ទុក ហើយ​បង្កបញ្ហា​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ដើម្បី​តប​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ហើយក៏​ដើម្បី​សម្រួល​ឲ្យ ពលរដ្ឋ​ងាយស្រួល​ទៅពិនិត្យ​ភាព​ផងដែរ ព្រោះ​ខ្លាចក្រែង​សារធាតុ​គីមី​ដ៏​សាហាវ​ចេញពី​គ្រាប់បែក​ដែល​បន្សល់ទុក​នោះ កាន់តែ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​។​

​គ្រាប់បែក​គីមី​របស់​អាមេរិក ដែល​ទម្លាក់​នៅក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​៦០ និង​៧០ បាន​បន្សល់ទុក​យ៉ាង​រាយប៉ាយ​នៅក្នុង​ឃុំ​គគីរ មកដល់ពេលនេះ​មន្ត្រី​ជំនាញ​អាវុធ​គីមី និង CMAC បាន​រកឃើញ​ចំនួន ១៥​ទីតាំង​ហើយ​។ មន្ត្រី​ជំនាញ​អះអាងថា គ្រាប់បែក​គីមី​នេះ មិន​ឥទ្ធិពល ពិសពុល​ខ្លាំងណាស់​សម្រាប់​សុខភាព​របស់​មនុស្ស ហើយក៏​អាច​ទារក​ក្នុង​ផ្ទៃ​មានការ​លូតលាស់​មិន​ប្រក្រតី រហូត​ជួប​ភាព​ពិការ​សរីរាង្គ​ណាមួយ​ថែម​ទៀតផង​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានបង្ហាញ​ពី​លទ្ធផល​នៃ​ការពិនិត្យ​ស្រាវជ្រាវ​ផលប៉ះពាល់​សុខភាព​ប្រជាជន​នៅ​ខេត្តស្វាយរៀង ៖ បន្ទាប់ពី​រកឃើញ​នូវ​កុមារ​បី​រូប នៅក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង កើតមក​មិន​ប្រក្រតី​គួរ​ឲ្យ​អាណិតអាសូរ ដោយសារ​ឥទ្ធិពល​ដ៏​សាហាវ​នៃ​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក ដែល​បាន​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​នោះ ក្រសួងសុខាភិបាល​កម្ពុ​ជា បានធ្វើ​ការណែនាំ​ចំនួន​៣​ចំណុច ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន អំពី​ឥទ្ធិពល​នៃ​គ្រាប់បែក​នេះ​។​


​លោក​ក៏​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣​ចំណុច ដូចជា​៖ ១៖ ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រាប់បែក​គីមី​តាម​ការណែនាំ​របស់​មន្ត្រី​។​
២៖ ត្រូវ​ណែនាំ​កូនចៅ​មិនត្រូវ​រើសយក​មកលេង​នូវ​គ្រាប់បែក​គីមី​ឡើយ និង​៣៖ បើ​មាន​រោកសញ្ញា​ខុស​ប្រក្រតី ឬ​មាន​កុមារ​កើតមក​មាន​រូបរាង​ខុស​ប្រក្រតី សូម​ទៅកាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដើម្បី​ត្រួតពិនិត្យ​សុខភាព​ជាបន្ទាន់​។ ក្រសួងសុខាភិបាល នឹង​បន្ត​ជូនដំណឹង​ដល់​សាធារណជន អំពី​ការរកឃើញ​និង​ការវិវត្តន៍​នៃ​ជំងឺ​នេះ​។​

​បើតាម​លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា​(​ស៊ីម៉ាក់​) បាន​ថ្លែងថា ការស្រាវជ្រាវ​រុករក​ឃើញ​គ្រាប់បែក​អាវុធ​គីមី​ចំនួន​១៥​ទីតាំង​ថី្ម បន្ទាប់ពី​ទីតាំង​ទី​១​ត្រូវបាន​បញ្ចប់ ដោយ​រកឃើញ​មួយ​គ្រាប់​។ គិត​មកដល់​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៧ នេះ​កម្លាំង​ស្រាវជ្រាវ​ស៊ីម៉ាក់ បានបញ្ចប់​ការស្រាវជ្រាវ​និង​កំណត់​ទីតាំង​គ្រាប់បែក​អាវុធ​គីមី​នៅ​ឃុំ​គគីរ​ទាំង​៥​ភូមិ​រួចរាល់​ហើយ ដោយ​រកឃើញ​១៤​ទីតាំង​ថ្មី (​មិន​គិត​បញ្ចូល​ទីតាំង​វត្ត​គគីរ​ដែល​បាន​បោសសំអាត​នោះទេ​) ។ ទន្ទឹង​នឹង​នេះ​នៅ​ថ្ងៃទី​១១​នេះ កម្លាំង​ស្រាវជ្រាវ​បាន​ចូលទៅ​ឃុំ​អំពិល ស្ថិតនៅ​ជាប់ឃុំ​គគីរ​នោះដែរ បាន​រកឃើញ​មួយ​ទីតាំង​ទៀត​។ ដូចនេះ​មាន​ចំនួន​១៥​ទីតាំង​ថី្ម​។ លោក​បាន​បន្ថែមថា “​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ទាំង​ក្នុង​មូលដ្ឋាន កំពុង​ប្រតិ​ប​តិ្ត​ការ និង​នៅ​កន្លែង​ដទៃទៀត មេត្តា​រាយការណ៍​មក​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​យើង​សហការគ្នា​មាន​វិធានការ ចុះ​អង្កេត​និង​កំណត់​លក្ខណៈ​បច្ចេកទេស​”៕​ ​ដោយ​៖​ជាលី​

 

×