ស្ទឹងត្រែង ៖ រោងសិប្បកម្មកែច្នៃឈើប្រណីតដ៏ធំមួយកន្លែង ត្រូវបានភ្លើងឆាបឆេះសល់តែគំនរផេះ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២០ នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
តាមប្រភពព័ត៌មានពីកម្មករ ដែលស្នាក់នៅក្នុងរោងសិប្បកម្ម បានប្រាប់សមត្ថកិច្ចឱ្យដឹងថា អគ្គិភ័យនោះ សង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើងឆេះ រាលដាលរោងសិប្បកម្មទាំងមូល។ ឃើញដូចនោះ ក្រុមកម្មករក៏បានយកទឹកពន្លត់ ហើយកម្លាំងនគរបាលពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏បានយករថយន្តជួយអន្តរាគមន៍។ ក៏ប៉ុន្តែដោយសារស្ថានភាពភ្លើងបានឆាបឆេះ ដែលមានទំហំខ្លាំង ធ្វើឲ្យការគ្រប់គ្រងតាំងពីវេលាម៉ោងជាង ២ រំលងអធ្រាត្រ រហូតដល់ម៉ោង ៥ព្រឹកទើបរលត់។
រោងសិប្បកម្មដ៏ធំមួយនោះ គឺបាំងក្តារ និងដំបូលប្រក់ដែកស័ង្កសី ដែលមានទំហំធំ។ នៅក្នុងរោងសិប្បកម្មនោះ មានគ្រឿងសង្ហារឹម តុ ទូ សាឡុង ដែលមានតម្លៃរាប់ពាន់ដុល្លារ នៅសេសសល់ក៏ត្រូវបានភ្លើងឆេះ រួមទាំង ម៉ាស៊ីនសម្រាប់អាជ្រៀកឈើមួយចំនួនក៏ចេះផងដែរ។ អគ្គិភ័យដែលបានឆាបឆេះរោងសិប្បកម្មដ៏ធំ នៅក្នុងក្រុងស្ទឹងត្រែងមួយនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីទំហំ នៃការខាតបង់នៅឡើយទេ បើគិតរហូតមកដល់ព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២០។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ម្ចាស់សិប្បកម្មឈ្មោះ សុខ ឃឿន គឺជាជនជាតិខ្មែរវៀតណាម។ សិប្បកម្មដ៏ធំមួយនេះ កន្លងមកសមត្ថកិច្ចធ្លាប់បានចុះពិនិត្យរាប់ភ្លេចរួចមកហើយ ហើយនៅក្នុងហេតុការណ៍ភ្លាមនោះ ត្រូវបានគេឲ្យដឹងថា ម្ចាស់សិប្បកម្មខាងលើ ពុំបាននៅកន្លែងកើតហេតុឡើយ៕ ដោយ៖សុខុម