បាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសាលារៀនអនុវិទ្យាល័យកន្ទឺ១ សាលាបឋមសិក្សាស្វាយព្រៃ និងស្ពានបេឡ ស្ថិតក្នុងឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម តំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៦០០ នាក់។
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្នុងរបាយការណ៍ស្វាគមន៍ថា ទោះបីជាមានការប្រឈមមុខជាសាកលដោយជំងឺកូវីដ១៩ ខេត្តបាត់ដំបងនៅតែបន្តទទួលបានសមិទ្ធផលជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះ ក្រោមអធិបតីសម្ដេចក្រឡាហោម សមិទ្ធផលស្ពាន និងអគារសិក្សា ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ក្នុងបរិយាកាសប្រកបដោយសេចក្ដីត្រេកអររីករាយពីសំណាក់សិស្សានុសិស្ស និងប្រជាពលរដ្ឋ។
ឯកឧត្តមងួន បានមានប្រសាសន៍ថា ថ្ងៃនេះ ពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលា
អនុវិទ្យាល័យកន្ទី១នៅសាលាបឋមសិក្សាស្វាយព្រៃ និងស្ពានបេឡេមួយខ្សែ ស្ថិតក្នុងភូមិកន្ទី១ ស្រុកបាណន់ ស្រុកបាណន់ ខេត្តបាត់ដំបង។ ស្ថានភាពនៅខេត្តបាត់ដំបង រដ្ឋបាលខេត្តបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការងារកំណែទម្រង់លើគ្រប់វិស័យដែលដាក់ចេញដោយរដ្ឋាភិបាល និងក្រសួង ស្ថាប័ណពាក់ព័ន្ធ ក្នុងគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាព នៃផ្ដល់សេវារដ្ឋបាល និងសេវាសាថារណៈ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងជាលំដាប់ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅក្នុងខេត្តទាំងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។
តំណាងក្រុមនិស្សិតអាហារូបករណ៍សម្ដេចក្រឡាហោម ចំនួន១១០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋស្រុកបាណន់ បានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោម ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ដែលបានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដល់ពួកគេដែលជានិស្សិត មានការប្រឈមក្នុងជីវភាពនិងបានប្ដេជ្ញាខិតខំសិក្សារៀនសូត្រ ព្រមទាំងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។
តំណាងប្រជាពលរដ្ឋក៏បានបន្តអញ្ជើញថ្លែងអំណរគុណជូនសម្ដេច ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានផ្ដល់ជូននូវសមិទ្ធផលជាច្រើនជូនពួកគាត់ ជាក់ស្ដែងថ្ងៃនេះ មានស្ពាន និងអគារសិក្សា សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់សិស្សានុសិស្សជាកូនចៅរបស់ពួកគាត់បានសិក្សារៀនសូត្រ។ តំណាងប្រជាពលរដ្ឋបានសម្ដែងភក្ដីភាពឥតងាករេជូនសម្ដេច ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែគិតគូរ និដោះស្រាយរាល់សេចក្ដីត្រូវការជូនពួកគាត់ ពិសេសការរក្សាបាននូវសុខសុខសន្តិភាព។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសសម្ពោធសមិទ្ធផលដ៏អធិកអធមនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានសម្ដែងការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សដែលបានកសាងសមិទ្ធផលគ្រប់វិស័យជូនប្រជាពលរដ្ឋ និងបានឆ្លើយតបទាន់ពេលវេលារាល់សេចក្ដីត្រូវការរបស់ប្រជាជន។
សម្ដេចក្រឡាហោមបានរំលឹកថារបបពីអតីតកាល គឺនៅរៀងរាល់ថ្ងៃសៅរ៍ ឬអាទិត្យ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ភាគច្រើន ប្រើពេលវេលាឈប់សំរាកនេះដើម្បីធ្វើដំណើរកំសាន្ត រាំលេងសប្បាយ ប៉ុន្តែរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីពេលមុន រហូតពេលនេះមានវប្បធម៌ចាត់តាំង និងបែងចែកមន្ត្រីក្រុមការងារយកពេលវេលានេះ ឆ្លៀតចុះមូលដ្ឋាន ស្វែងយល់ពីសុខទុក្ខ និងតម្រូវការប្រជាពលរដ្ឋ ដើម្បីដោះស្រាយឱ្យទាន់ពេលវេលា។
សម្ដេចបានបន្តថាការចុះមូលដ្ឋាន ការចុះជួបប្រជាពលរដ្ឋ ការរៀបចំវេទិកាសាធារណៈជាទៀងទាត់ និងយ៉ាងសកម្ម បានធ្វើឱ្យរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដាក់ចេញគោលនយោបាយ កម្មវិធីនយោបាយ ព្រមទាំងយុទ្ធសាស្ត្រនានា ត្រូវនឹងសភាពការណ៍ជាក់ស្ដែង ត្រូវនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ត ហើយចូលរួមគាំទ្រក្នុងដំណើរការអភិវឌ្ឍន៍ជាតិ នាំឱ្យជីវភាពពួកគាត់កាន់តែមានភាពប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថារហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបាន និងកំពុង គ្រប់គ្រងជំងឺកូវីដ១៩យ៉ាងល្អ ដ្បិតពេលនេះកម្ពុជាមិនទាន់មានការឆ្លងជំងឺនេះ ជាលក្ខណៈសហគមន៍ ដូចប្រទេសមួយចំនួននោះឡើយ ហើយការរកឃើញករណីឆ្លងថ្មី គឺមានតែអ្នកដំណើរមកពីក្រៅប្រទេសប៉ណ្ណោះ ខណៈពលករខ្មែរជាង១០ម៉ឺននាក់ ដែលធ្វើដំណើរឆ្លងដែនពីប្រទេសថៃនាអំឡុងពេលកូវីដ១៩នេះ ក៏ត្រូវបានអាជ្ញាធរគ្រប់គ្រងបាន និងមិនមានការឆ្លងជំងឺដែរ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីបានបន្តគូសបញ្ជាក់អំពីសុខសន្តិភាព និងស្ថេរភាពនយោបាយ ដោយសម្ដេចបានរំលឹកឡើងវិញអំពីស្ថានភាពដ៏លំបាកវេទនាក្នុងភ្លើងសង្គ្រាម ការបញ្ចប់សង្គ្រាម រហូតកសាង និងរក្សាបានសុខសន្តិភាពដូចសព្វថ្ងៃ ខណៈបណ្ដាប្រទេសមួយចំនួននៅបន្តស្ថិតក្នុងភ្លើងសង្គ្រាម
នៅឡើយ ធ្វើឱ្យប្រពលរដ្ឋជាជនស៊ីវិលរងគ្រោះស្លាប់របួស ព្រាត់ប្រាស់ជារៀងរាល់ថ្ងៃ។
សម្ដេចបានបន្តថា ស្ថេរភាពជាតិ អាចសម្រេចទៅបានអាស្រ័យលើសង្គមមានភាពយុត្តិធម៌ គ្មានការរំលោភបំពានសិទ្ធិ សេរីភាព និងផលប្រយោជន៍ប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោមក៏បានបន្តមានប្រសាសន៍ អំពីការខិតខំដោះស្រាយទំនាស់ក្នុងមូលដ្ឋាន តាមរយៈគ្រប់យន្តការ និងមធ្យោបាយ ដោយប្រកាន់ខ្ជាប់នូវភាពគ្រប់ជ្រុងជ្រោយ និងយុត្តិធម៌។ សម្ដេចក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះវិធីសាស្ត្រនៃការសម្របសម្រួល និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់អភិបាលខេត្តពោធិ៍សាត់។
សម្ដេចបានបន្តគូសបញ្ជាក់អំពីការដាក់ចេញយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងណែនាំឱ្យសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋទប់ស្កាត់កុំឱ្យគ្រឿងញៀនហូរចូលក្នុងសហគមន៍ និងបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ជាមួយគ្នានេះ សម្ដេចបានបន្តថាគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តសម្លាប់អាយុជីវិតប្រជាពលរដ្ឋធ្វើឱ្យបាក់បែកបាត់បងសមាជិកគ្រួសារ ធ្វើឱ្យពលរដ្ឋរងរបួស មានពិការភាព ខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈជារៀងរាល់ថ្ងៃ។
សម្ដេចបានបន្ថែមថា ការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ៥០ភាគរយ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនស្មារតីគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងសូមឱ្យសមត្ថកិច្ចបង្កើនការរឹតបន្តឹងច្បាប់ដោយគ្មានការលើកលែង៕
ដោយ៖អ៊ុង សារុំ