កម្មវិធីវីដេអូខ្លីដ៏ល្បីរបស់ចិន TikTok នឹងចាត់វិធានការផ្លូវច្បាប់នៅសប្តាហ៍នេះ ដើម្បីប្រឆាំងទៅនឹងការហាមឃាត់របស់ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ។
កាលពីដើមខែនេះ លោកត្រាំបានចេញបទបញ្ជាដោយធ្វើការហាមឃាត់ក្រុមហ៊ុនអាមេរិចទាំងអស់ធ្វើជំនួយជាមួយនឹងក្រុមហ៊ុន ByteDance ដែលជាម្ចាស់របស់ TikTok ចាប់ពីពាក់កណ្តាលខែកញ្ញាខាងមុខ។
មន្ត្រីអាមេរិចនៅវ៉ាស៊ីនតោនមានការព្រួយបារម្ភថា ក្រុមហ៊ុនអាចបញ្ជូនទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិចទៅឲ្យរដ្ឋាភិបាលចិន ប៉ុន្តែការលើកឡើងនោះត្រូវបានក្រុមហ៊ុន ByteDance បដិសេធ។
TikTok មានអ្នកប្រើប្រាស់សកម្មអាមេរិចប្រមាណ ៨០លាននាក់។
TikTok និយាយថា ខ្លួនបានព្យាយាមទាក់ទងជាមួយនឹងរដ្ឋបាលរបស់លោកដូណាល់ ត្រាំអស់រយៈពេលជិត ១ឆ្នាំ ប៉ុន្តែជួបបញ្ហាកខ្វះនិតិវិធី ហើយរដ្ឋបាលលោកត្រាំ មិនយកចិត្តទុកដាក់លើអង្គហេតុសោះ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុននិយាយថា “ដើម្បីធានាថា និតិរដ្ឋមិនបានត្រូវគេបោះបង់ចោល ហើយក្រុមហ៊ុន និងអ្នកប្រើប្រាស់របស់ពួកយើងទទួលបានការប្រព្រឹត្តដាក់ស្មើភាពគ្នា ពួកយើងគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការប្រឆាំងនឹងបទបញ្ជាតាមរយៈប្រព័ន្ធតុលាការទេ”។
TikTok ជាកម្មវិធីដែលឲ្យអ្នកឲ្យប្រើប្រាស់បង្ហោះវីដេអូខ្លីលើវេទិការខ្លួន លើប្រធានបទជាច្រើនចាប់ពីការរាំ និងនយោបាយអន្តរជាតិជាដើម។ ប្រជាប្រិយភាពរបស់វាបានផ្ទុះខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសវាមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវវ័យ ហើយវាទទួលបានការទាញយក (Download) ជាង ១ពាន់លានដងជុំវិញពិភពលោក។
ប៉ុន្តែ លោកដូណាល់ ត្រាំ បានអះអាងថា ចិនអាចប្រើប្រាស់កម្មវិធីនោះដើម្បីចាប់ពីទីកន្លែងរបស់បុគ្គលិកសហព័ន្ធ ប្រមូលព័ត៌មានប្រើប្រាស់ក្នុងបទល្មើស ឬក៏ធ្វើចារកម្មលើក្រុមហ៊ុន។
លោកត្រាំ ថ្លែងដូច្នេះថា កម្មវិធីទូរស័ព្ទ ដែលត្រូវបានបង្កើត និងគ្រប់គ្រងដោយក្រុមហ៊ុនចិន “គំរាមកំហែងដល់សន្តិសុខជាតិ គោលនយោបាយបរទេស និងសេដ្ឋកិច្ចរបស់អាមេរិច”។
TikTok ច្រានចោលការអះអាងនោះ និងបានបញ្ជាក់ថា ខ្លួនមិនដែលបានផ្តល់ទិន្នន័យអ្នកប្រើប្រាស់អាមេរិចទៅដល់អាជ្ញាធរចិនឡើយ៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ BBC