មហាយក្សអាស៊ី ចិនបានចោទសហរដ្ឋអាមេរិចថា បានលេងផ្នត់គំនិតសង្គ្រាមត្រជាក់ (Cold War mentality) និងជំរុញឲ្យអាមេរិចបោះបង់ផ្នត់គំនិតនេះចោល ក្រោយពេលទីក្រុងវ៉ស៊ីនតោនបាននិយាយថា ខ្លួនគ្រោងអភិវឌ្ឍន៏គ្រាប់បែកនុយក្លេអ៊ែរឲ្យតូច និងមានប្រសិទ្ធិភាពជាងមុន។នេះបើតាមការចេញផ្សាយរបស់ BBC។
នៅក្នុងសេចក្តីប្រកាស ក្រសួងការពារជាតិចិន បានថ្លែងថា “ប្រទេសដែលមានអាវុធនុយក្លេអ៊ែរធំជាងគេបំផុតក្នុងពិភពលោក គួរតែយកការផ្តួចផ្តើមដើម្បីដើរតាមទំនោរ ជាជាងប្រឆាំងនឹងវា”។
យោធាអាមេរិចជឿជាក់ថា អាវុធនុយក្លេអ៊ែររបស់ខ្លួនមើលទៅវាធំខ្លាំងពេក និងចង់អភិវឌ្ឍន៏វាឲ្យតូចបន្តិច។
អាមេរិចមានការព្រួយបារម្ភថា អាវុធនុយក្លេអ៊ែររបស់ខ្លួននឹងហួសសម័យ ហើយប្រើការលែងកើត និងមិនមានប្រសិទ្ធិភាព។ មហាអំណាចយោធាពិភពលោកនេះ បានចាត់ទុកចិន រុស្សី កូរ៉េខាងជើង និងអ៊ឺរ៉ងគឺជាការគំរាមកំហែងខ្លាំងរបស់អាមេរិច។
ប្រទេសរុស្សី បានថ្កោលទោសគំរោងផលិតគ្រាប់បែកនុយក្លេអ៊ែរឲ្យកាន់តែតូចរបស់អាមេរិច ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់វិញ បានអះអាងថា គំរោងនោះបានធ្វើឲ្យពិភពលោកខិតទៅជិតភាពសាបសូន្យ៕ សុភ័ក្ត្រ