មនុស្សចំនួនមួយនាក់បានស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន បន្ទាប់ពីអគារកម្ពស់ ៥ជាន់បានបាក់រលំ កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះនៅភាគខាងលិច ប្រទេសឥណ្ឌា។
ចំនួនមនុស្សដែលគេប៉ាន់ស្មានថាកំពុងបាត់ខ្លួនមានពី ៥១ ទៅ ២០០នាក់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីឥណ្ឌាជាច្រើន។
អាផាមិនដែលបាក់រលំនោះមានផ្ទះចំនួន ៤៧ ស្ថិតក្នុងទីក្រុង Mahad នៃរដ្ឋ Maharashtra។
មូលហេតុនៃគ្រោះអកុសលនោះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ប៉ុន្តែការបាក់រលំអគារតែងកើតមានញឹកញាប់ នៅក្នុងរដូវមូស៊ុង ដែលមានភ្លៀងធ្លាក់ខ្លាំងចន្លោះខែ មិថុនា និងកញ្ញា។
មន្ត្រីឥណ្ឌាបញ្ជាក់ថា មនុស្ស ៧០នាក់បានរត់រួចផុតពីគ្រោះថ្នាក់នោះ នៅពេលអគារចាប់ផ្តើមរញ្ជួយ។
សូមបញ្ជាក់ថា រដូវមូស៊ុង បានដើរតួយ៉ាងសំខាន់ក្នុងការជម្រុញដល់ការប្រមូលផលកសិកម្ម នៅក្នុងតំបន់អាស៊ីភាគខាងត្បូង ប៉ុន្តែវាក៏បង្កឲ្យមានគ្រោះមហន្តរាយ និងស្លាប់មនុស្សជាច្រើនផងដែរ ព្រមទាំងធ្វើឲ្យខូចដំណាំ និងបាក់រលំអគារ។
ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ផ្សេងៗបង្កឡើងដោយមូស៊ុងនៅក្នុងឆ្នាំនេះមាន ១.២០០នាក់ ដោយក្នុងនោះមានមនុស្ស ៨០០នាក់ស្លាប់នៅឥណ្ឌា៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ AFP