ក្រចេះ ៖ កងរាជអាវុធហត្ថខេត្តក្រចេះ បានសបញ្ជូនខ្លួនឈ្មួញរកស៊ីឈើម្នាក់ ទៅសាលាដំបូងខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
អាវុធហត្ថខេត្តក្រចេះ បានសម្រេចបញ្ជូនជន សង្ស័យ១នាក់ និងវត្ថុតាង រួមមានរថយន្ដមួយគ្រឿង ទៅសាលាដំបូងខេត្ត ចាត់ការបន្ត ក្រោយពីបានឃាត់ខ្លួនជនសង្ស័យរូបនោះ ធ្វើការសួរនាំរួច នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ ។
ជនត្រូវចោទឈ្មោះ ឃាន សម្បត្តិ ភេទប្រុសអាយុ៣៨ឆ្នាំមានទីលំនៅភូមិព្រែកប្រាំ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
តាមរបាយការណ៍របស់អាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា កម្លាំងអាវុធហត្ថស្រុកព្រែកប្រសព្វ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃាន សម្បត្តិ ភេតាមពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ូវ សុខឌីម ភេទប្រុស អាយុ ៥០ឆ្នាំ ជាអ្នកសារព័ត៌មាន ករណីប្រើហិង្សាដោយចេតនា។
តាមរបាយការណ៍បញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះឃាន សម្បត្តិ កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២០ បានធ្វើការដឹកជញ្ជូនឈើក្រហម(ឈើគ្រឿងផ្ទះ) តាមរថយន្ដកែច្នៃពីចំណុចព្រៃឡង់ ស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លុះដល់វេលាម៉ោងប្រហែល ៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ ខែសីហា ពេលឡានដឹកឈើឈ្មោះ ឃាន សម្បិត្ត បានមកដល់ចំណុចភូមិទួលស្រឡៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ក៏បានជួបរថយន្ដក្រុមអ្នកសារព័ត៌មានចំនួន ២រថយន្ដ ធ្វើការបិទផ្លូវ មិនឱ្យរថយន្ដដឹកឈើ ធ្វើដំណើរ ក៏មានការប៉ះទង្គិចគ្នាតែម្ដង។ ខណៈនោះដែរ ស្រាប់តែឈ្មោះ ឃាន សម្បត្តិ បានបើករថយន្ដ ម៉ាកឡិចស៊ីស ៤៧០ ពណ៌ត្រេអី ពាក់ផ្លាកលេខ ខ.ម ទៅឈប់ និងនិយាយគ្នារហូតប្រតាយប្រតប់គ្នា ជាមួយឈ្មោះ ម៉ូវ សុខឌីម ជាអ្នកសារព័ត៌មាន ដើម្បីកុំឱ្យថតសកម្មភាពទាំងនេះ ក៏បង្កើតជាករណីហិង្សាទៅវិញទៅមក និងមានរបួសរៀងខ្លួន។បន្ទាប់មកឈ្មោះ ម៉ូវ សុខឌីម ក៏បានបើករថយន្ដបកក្រោយ មកខេត្តក្រចេះវិញ។
តាមរបាយការណ៍អាវុធហត្ថបញ្ជាក់បន្ថែមទៀតថា ក្រោយពីស្រាវជ្រាវជុំវិញរឿងហេតុខាងលើ កំណត់ថា ឈ្មោះ ឃាន សម្បត្តិ បានប្រព្រឹត្តចំនួន ៣ករណី គឺ ទី១ ករណីដឹកជញ្ជូនឈើដោយខុសច្បាប់, ទី២ ករណីហិង្សាស្រាល និង ទី៣ ករណីក្លែងឯកសារសាធារណៈ (រថយន្ដផ្លាកលេខ ខ.ម)។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានអាវុធហត្ថខេត្តក្រចេះ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕ ដោយ ៖ សុខុម