អ្នកវិទ្យាសាស្ត្រហុងកុង បានប្រកាសពីករណីបុរសមានសុខភាពល្អម្នាក់ វ័យជាង ៣០ឆ្នាំដែលបានលាប់ជំងឺ COVID-19 ឡើយវិញ បន្ទាប់ពីជាសះស្បើយអស់រយៈពេល ៤ខែកន្លះ។
អ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យហុងកុងបាននិយាយថា បណ្តុំហ្សែនបានបង្ហាញថា ពូជវីរុសពីរប្រភេទ មានលក្ខណៈខុសគ្នាយ៉ាងច្បាស់ ដែលធ្វើឲ្យវាក្លាយជាករណីលាប់លើកដំបូងរបស់ពិភពលោក។
អង្គការសុខភាពពិភពលោក (WHO) បានធ្វើការព្រមានថា វាមិនមានសារសំខាន់ទេក្នុងការធ្វើការសន្និដ្ឋានដោយផ្នែកទៅលើករណីនៃអ្នកជំងឺតែម្នាក់។
ចំណែកអ្នកជំនាញវិញ បាននិយាយថា ការលាប់ឡើងវិញនោះជារឿងកម្រ និងមិនមានបញ្ហាធ្ងន់ធ្ងរឡើយ។
រហូតមកដល់ពេលនេះ មានអ្នកឆ្លងវីរុសកូរ៉ូណាជាង ២៣,៣លានករណីជុំវិញពិភពលោក។
អ្នកដែលឆ្លងវីរុសទាំងអស់ មានការប្រតិកម្មពីប្រព័ន្ធស៊ាំ ខណៈដែលខ្លួនប្រាណរបស់ពួកគេប្រយុទ្ធប្រឆាំងនឹងវីរុស និងជួយការពារពួកគេកុំឲ្យវីរុសកើតឡើងវិញ។
ការប្រតិកម្មដ៏ខ្លាំងបំផុតពីប្រព័ន្ធស៊ាំ ត្រូវបានគេរកឃើញនៅក្នុងខ្លួនអ្នកជំងឺដែលកំពុងឈឺធ្ងន់។
ក៏ប៉ុន្តែគេនៅមិនទាន់បានដឹងច្បាស់ទេថាតើ ប្រព័ន្ធស៊ាំ ឬការការពារនោះខ្លាំងប៉ុណ្ណា និងអាចនៅបានយូរដល់ណាទៀត។
បើតាមរបាយការណ៍របស់សកលវិទ្យាល័យកុងកុង បាននិយាយថា បុរសនោះបានសម្រាកនៅមន្ទីរពេទ្យអស់រយៈពេល ១៤ថ្ងៃមុនពេលពេលគាត់ជាសះស្បើយ។ ក្រោយមក គាត់ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុសជាលើកទី ២ ដោយមិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់ បន្ទាប់ពីមានការធ្វើតេស្តលើទឹកមាត់ នៅក្នុងអំឡុងការត្រួតពិនិត្យនៅព្រលានយន្តហោះ។
លោក Brendan Wren សាស្ត្រាចារ្យផ្នែករោគសាស្ត្រ នៅសាលាវេជ្ជសាស្ត្រ និងអនាម័យទីក្រុងឡុងដ៍ បាននិយាយថា “នេះគឺជាឧទាហរណ៍ដ៏កម្រនៃការលាប់ជំងឺឡើងវិញ”។
សូមរំលឹកថា វីរុសកូរ៉ូណា ឬ COVID-19 បានផ្ទុះចេញដំបូងពីទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ និងបានរីករាលដាលយ៉ាងលឿនទៅជុំវិញពិភពលោក។ បើតាមតួលេខចុងក្រោយ វីរុសមរណៈនេះបានសម្លាប់ជីវិតមនុស្សជាង ៨០៧.០០០នាក់ និងឆ្លងទៅកាន់មនុស្សជាង ២៣,៣លាននាក់ទូទាំងពិភពលោក៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ BBC