Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Facebook កំពុង​រៀបចំ​ការជំទាស់​ផ្នែក​ផ្លូវច្បាប់ ចំពោះ​ការទាមទារ​របស់​រដ្ឋា​ភិ​បាល​ថៃ ឲ្យ​បិទ​ក្រុម​ដែល​រិះគន់​របប​រាជា​

​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុក (Facebook) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​គ្រោង​នឹង​ហៅ​រដ្ឋាភិបាល​ថៃ​ឲ្យ​ធ្វើការ​បញ្ជាក់​តាមផ្លូវ​ច្បាប់ ក្រោយពេល​ខ្លួន​ត្រូវបាន​បង្ខំ​ឲ្យ​បិទ​ការចូល​ក្នុង​ក្រុម​ទីផ្សារ​រាជានិយម (Royalist Marketplace) នៅក្នុង​ប្រទេស​ថៃ ដែល​ក្រុម​នេះ​មាន​សមាជិក​ក្នុង​ហ្វេ​ស​ប៊ុ​ក​ចំនួន ១​លាន​នាក់​។​

​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ហ្វេ​សបុ​កបាន​បិទ​មិន​ឲ្យ​មានការ​ចូលក្នុង​ក្រុម Royalist Marketplace ក្រោយពេល​រដ្ឋាភិបាល​ថៃ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ការខកខាន​ក្នុងការ​ចាត់វិធានការ​ប្រឆាំង នឹង​មាតិកា​ដែល​ចាត់ទុកថា​ជាការ​បរិហារកេរ្តិ៍​ដល់​របបរាជានិយម​។​

​អ្នកនាំពាក្យ​ហ្វេ​សបុ​កបាន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា “​សំណើរ​បែបនេះ​គឺ​ធ្ងន់ធ្ងរ ផ្ទុយ​ពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​មាន​ឥទ្ធិពល​លើ​សមត្ថភាព​របស់​ប្រជាជន ក្នុងការ​បញ្ចេញមតិរ​បស់​ពួកគេ​”​។​

“​ពួកយើង​ធ្វើ​កិច្ចការ​ដើម្បី​ការពារ​សិទ្ធិ​របស់​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ទាំងអស់ ហើយ​យើង​កំពុង​រៀបចំ​ដើម្បី​ជំទាស់ ផ្នែក​ផ្លូវច្បាប់​លើ​សំណើ​នោះ​”​។​

​ក្រុម Royalist Marketplace ត្រូវបាន​បង្កើតឡើង​កាលពី​ខែមេសា ដោយ​លោក Pavin Chachavalpongpun ដែល​បញ្ញវន្ត និង​ជា​អ្នក​រិះគន់​របបរាជានិយម​។ បច្ចុប្បន្ន​លោក​កំពុង​រស់នៅ​និរទ្ទេស​នៅក្នុង​ប្រទេស​ជប៉ុន​។​

​កាលពី​យប់​ថ្ងៃ​ចន្ទ ក្រុម​នេះ​មាន​ចេញ​សារ​បញ្ជាក់ថា “​ការចូល​មកកាន់​ក្រុម​នេះ​ត្រូវបាន​រឹតត្បិត​នៅក្នុង​ប្រទេស​ថៃ យោងតាម​សំណើ​ផ្លូវច្បាប់​របស់​ក្រសួង​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​”​។​

​លោក Pavin Chachavalpongpun និយាយថា ហ្វេ​ស​ប៊ុ​ក​ឱនក្បាល​ចំពោះ​សម្ពាធ​រដ្ឋាភិបាល​ថៃ ដែល​គ្រប់គ្រង​ដោយ​យោធា​។​

​លោក​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ដូច្នេះ​ថា “​ក្រុម​ពួកយើង​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​។ វា​គឺជា​កន្លែង​សម្រាប់​ការបញ្ចេញមតិ​ប្រកបដោយ​សេរីភាព​”​។​

“​ដោយ​ការធ្វើ​បែបនេះ ហ្វេ​ស​ប៊ុ​ក​កំពុង​សហការ​ជាមួយនឹង​របប​ផ្តាច់ការ ដើម្បី​រារាំង​ប្រជាធិបតេយ្យ និង​ដាំ​ដុះ​ការ​ផ្តាច់ការ​ក្នុងប្រទេស​ថៃ​”​។​

​សូមបញ្ជាក់ថា ប្រទេស​ថៃ​មានច្បាប់​ដ៏​តឹង​ក្នុង​ការការពារ​ព្រះមហាក្សត្រ ពី​ការប្រមាថ ហើយ​ជន​ដែល​ប្រព្រឹត្តិ​អាច​ជាប់គុក​រហូតដល់ ១៥​ឆ្នាំ​។​

​កាលពី​ដើមខែ​នេះ រដ្ឋមន្ត្រីក្រសួង​ឌីជីថល​ថៃ បាន​ចោទប្រកាន់​ហ្វេ​ស​ប៊ុ​កថា​មិន​អនុវត្តតាម​សំណើ​ដើម្បី​រឹតត្បិត​លើ​មាតិកា ដែល​រួមមាន​មាតិកា​ប្រមាថ​របប​រាជា​។​

​កាលពី​ថ្ងៃទី ១០ ខែសីហា លោក​បាន​ទុក​រយៈពេល ១៥​ថ្ងៃ​ឲ្យ​ហ្វេ​ស​ប៊ុ​ក​អនុវត្តតាម​ការបញ្ជារ​បស់​តុលាការ បើ​មិន​ដូច្នេះ ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ក្រោម​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ ដែល​នឹង​ទទួលរង​ការផាកពិន័យ​រហូតដល់ ៦.៣៩៧​ដុល្លារ និង​ការផាកពិន័យ​បន្ថែម ១៥៩​ដុល្លារ​ក្នុង​មួយថ្ងៃ រហូតដល់​មានការ​អនុវត្ត​បទបញ្ជា​នោះ​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×