មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានអំពាវណាវឲ្យមានកិច្ចប្រឹងប្រឹងដើម្បីបង្ការវីរុសកូរ៉ូណា និងព្យុះទីហ្វុង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ KCNA កាលពីថ្ងៃអង្គារ។
មេដឹកនាំផ្តាច់ការនេះបានថ្លែងនៅក្នុងកិច្ចប្រជុំនៃការិយាល័យនយោបាយរបស់គណបក្សពលករ ដែលកិច្ចប្រជុំកើតឡើងចំពេលដែលមានការរាតត្បាតវីរុស។ វាគឺជាសម្ពាធបន្ថែមទៅលើសេដ្ឋកិច្ចប្រទេសកូរ៉េខាងជើង ដែលរងការប៉ះពាល់ខ្លាំងដោយការបិទព្រំដែន និងគ្រោះទឹកជំនន់។
KCNA រាយការណ៍ថា កិច្ចប្រជុំបានវាយតម្លៃពីភាពខ្វះខាតមួយចំនួន នៅក្នុងកិច្ចការងារប្រឆាំងនឹងការរាតត្បាតវីរុសរបស់រដ្ឋ សម្រាប់ការត្រួតពិនិត្យការឆ្លងរបស់វីរុស។
កូរ៉េខាងជើងមិនបានរាយការណ៍ពីករណីវីរុស COVID-19 សូម្បីមួយករណីឡើយ ប៉ុន្តែ គីម ជុងអ៊ុន បាននិយាយកាលពីខែមុនថា “វីរុសត្រូវបានគេនិយាយថាបានចូលប្រទេសកូរ៉េខាងជើង” និងបានធ្វើការបិទប្រទេស ក្រោយពេលបុរសម្នាក់ ត្រូវបានគេរាយការណ៍ថា មានរោគសញ្ញា។ តែក្រោយមក លទ្ធផលធ្វើតេស្តលើបុរសនោះមិនមានលក្ខណៈគ្រប់គ្រាន់ទេ។ នេះបើតាមអង្គការសុខភាពពិភពលោក។
នៅខែនេះ មេដឹកនាំរូបនោះបានធ្វើការដកវិធានការបិទទីក្រុង Kaesong រយៈពេល ៣សប្តាហ៍ចេញវិញ ក្រោយពេលមានករណីសង្ស័យនៅទីនោះ។
កិច្ចប្រជុំនោះ បានពិភាក្សាអំពីវិធានការបន្ទាន់ក្នុងការការពារការខូចខាតដំណាំ និងគ្រោះថ្នាក់ ដោយសារខ្យល់ព្យុះទីហ្វុង Bavi ដែលត្រូវគេរំពឹងថា នឹងបោកបក់មកលើកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ការមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងប្រទេសដ៏ឯកោរមួយនេះ។
គណបក្សកាន់អំណាចបាននិយាយថា ខ្លួននឹងរៀបចំមហាសន្និបាត ឆ្នាំក្រោយ ដើម្បីសម្រេចលើផែនការរយៈពេល ៥ឆ្នាំ បន្ទាប់ពីមានការពន្យារពេល ក្នុងការបង្កើនស្តង់ដារជីវភាព និងសេដ្ឋកិច្ចជាតិ៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ Reuters