កូរ៉េខាងត្បូងបានបញ្ជាឲ្យវេជ្ជបណ្ឌិតនៅក្នុងទីក្រុងសេអ៊ូល ត្រឡប់ទៅធ្វើការធម្មតាវិញនៅថ្ងៃពុធនេះ ខណៈដែលពួកគេបានចាប់ផ្តើមធ្វើកូដកម្មរយៈពេល ៣ថ្ងៃ ដើម្បីតវ៉ា និងដាក់សំណើរទៅរដ្ឋាភិបាល ដូចជាបង្កើនចំនួនវេជ្ជបណ្ឌិត ដើម្បីដោះស្រាយវិបត្តិសុខាភិបាល។
វេជ្ជបណ្ឌិតហ្វឹកហាត់ជាច្រើនបានកំពុងធ្វើកូដកម្មមិនចូលធ្វើការ និងមានវេជ្ជបណ្ឌិតរាប់ពាន់នាក់បន្ថែមទៀត នឹងចាប់ផ្តើមធ្វើកូដកម្មរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃពុធនេះ។
ការធ្វើកូដកម្មរបស់វេជ្ជបណ្ឌិតរាប់ពាន់នាក់នោះ ចំពេលដែលកូរ៉េខាងត្បូងកំពុងប្រយុទ្ធប្រឆាំង នឹងការផ្ទុះរាតត្បាតឡើងវិញ ដោយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ មានការរកឃើញវីរុសថ្មីចំនួន ៣២០ករណី។
ការដើរចេញមិនធ្វើការរបស់វេជ្ជបណ្ឌិត នៅថ្ងៃពុធនេះ បានបង្ខំឲ្យមន្ទីរពេទ្យសំខាន់ៗចំនួន ៥នៅកូរ៉េខាងត្បូង កម្រិតម៉ោងធ្វើការ និងពន្យារពេលនៃការវះកាត់។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Yonhap។
កាលពីដើមសប្តាហ៍នេះ វេជ្ជបណ្ឌិតបានសម្រេចកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាល ដើម្បីបន្តដោះស្រាយបញ្ហាអ្នកជំងឺ COVID-19 ប៉ុន្តែពួកគេបានបរាជ័យលើការសម្របសម្រួលលើបញ្ហាធំៗជាច្រើន។
រដ្ឋមន្ត្រីសុខាភិបាល Park Neung-hoo បានថ្លែងថា “ឥឡូវនេះ រដ្ឋាភិបាលមិនមានជម្រើសអ្វីទេ ក្រៅពីចាត់វិធានការផ្លូវច្បាប់ចាំបាច់ ដូចជាការដាក់បញ្ជាដល់ការធ្វើអាជីវកម្ម កុំឲ្យដាក់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជនក្នុងគ្រោះថ្នាក់”។
“យើងសូមជម្រុញឲ្យវេជ្ជបណ្ឌិតហ្វឹកហាត់ និងវេជ្ជបណ្ឌិតទាំងអស់ត្រឡប់ទៅធ្វើការវិញជាបន្ទាន់”។
សូមរំលឹកថា កាលពីថ្ងៃអង្គារម្សិលមិញ កូរ៉េខាងត្បូងបានបញ្ជាឲ្យមានការបិទសាលារៀនទាំងអស់ នៅតំបន់ជាច្រើននៃទីក្រុងសេអ៊ូល និងប្តូរមកជាថ្នាក់អនឡានវិញ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះវីរុសជាច្រើនកន្លែង។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ កូរ៉េខាងត្បូងមានករណីឆ្លងជាច្រើន ដោយក្នុងរយៈពេល ១២ថ្ងៃជាប់គ្នា តួលេខនៃការឆ្លងកើនឡើង ៣ខ្ទង់។
ករណីឆ្លងថ្មីភាគច្រើនកើតឡើងនៅកណ្តាលទីក្រុងសេអ៊ូល។ ទោះយ៉ាងណា អាជ្ញាធរសុខាភិបាលនិយាយថា កូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការផ្ទុះទូទាំងប្រទេស និងបានស្នើឲ្យប្រជាជនទាំងអស់ស្នាក់នៅក្នុងផ្ទះ និងកាត់បន្ថយការធ្វើដំណើរ។
អាជ្ញាធរកំពុងព្យាយាមរឹតបន្តឹងច្បាប់វិធានការគម្លាតសង្គម និងបាននិយាយថា សាលារៀន និងសាលាមត្តេយ្យនៅក្នុងទីក្រុងសេអ៊ូល ខេត្ត Incheon និងខេត្ត Gyeonggi នឹងត្រូវប្តូរមកជាថ្នាក់រៀនអនឡានវិញ ចាប់ពីថ្ងៃពុធស្អែកនេះ រហូតដល់ថ្ងៃទី ១១ ខែកញ្ញាខាងមុខ។
រដ្ឋមន្ត្រីក្រសួងអប់រំ អ្នកស្រី Yoo Eun-hae បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សិស្ស និងបុគ្គលិកសាលារៀនជិត ២០០នាក់ បានឆ្លងវីរុសក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ។
រហូតមកដល់ពេលនេះ កូរ៉េខាងត្បូងមានករណីឆ្លងសរុបចំនួន ១៧.៩៤៥ និងស្លាប់ ៣១០នាក់។ អ្នកជាសះស្បើយសរុបមាន ១៤.២៨៦៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ Reuters