សមាជិកសភាបក្សប្រឆាំងហុងកុងចំនួន ២រូប ក្នុងចំណោមមនុស្ស ១៦នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាល។ ការចាប់ខ្លួននេះបង្ហាញពីការបង្ក្រាបលើអ្នកគាំទ្រប្រជាធិបតេយ្យកាន់តែខ្លាំង។
លោក Lam Cheuk-ting និង Ted Hui Chi-fung មកពីបក្សប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួននៅផ្ទះរបស់ពួកគេ កាលពីព្រឹកថ្ងៃពុធនេះ។
លោក Lam ត្រូវបានចោទប្រកាន់ពីបទកុបកម្មជុំវិញហេតុការណ៍កាលពីខែកក្កដា ឆ្នាំ ២០១៩ ដែលគ្រានោះក្រុមបុរសបិទមុខជាច្រើន បានធ្វើការវាយប្រហារទៅលើក្រុមអ្នកតវ៉ា ក្រោយពេលមានការប្រមូលផ្តុំគ្នាប្រឆាំងនឹងរដ្ឋាភិបាល។
លោកស្ថិតក្នុងចំណោមមនុស្សជាច្រើននាក់ ដែលបានរងរបួសក្នុងការវាយប្រហារដោយក្រុមបិទមុខនោះ។ ក្នុងហេតុការណ៍នោះ ប៉ូលីសបានរងការចោទប្រកាន់ពីបទបរាជ័យក្នុងការការពារសកម្មជនប្រជាធិបតេយ្យ។
ប្រភពពីប៉ូលីសបានថ្លែងប្រាប់សារព័ត៌មាន BBCដូច្នេះថា មនុស្សសរុបចំនួន ១៦នាក់ រួមមានតំណាងរាស្ត្រចំនួន ២រូប ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការនៅថ្ងៃពុធនេះ។
សូមបញ្ជាក់ថា ការចាប់ខ្លួនតំណាងរាស្ត្រនេះ កើតឡើងតែ ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប៉ូលីសបានធ្វើការចាប់មហាសេដ្ឋី និងជាអ្នករិះគន់របបក្រុងប៉េកាំងឈ្មោះ Jimmy Lai ដោយសំអាងលើច្បាប់សន្តិសុខជាតិ ដែលចិនទើបតែបានដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះនៅទីក្រុងហុងកុង៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ BBC