មហាយក្សចិនបានធ្វើការចោទប្រកាន់សហរដ្ឋអាមេរិចថា បានបញ្ជូនយន្តហោះឈ្លបការណ៍ US U-2 ចូលក្នុងតំបន់គ្មានការហោះហើរ (No-fly zone) មើលការធ្វើសមយុទ្ធរបស់ខ្លួនកាលពីថ្ងៃអង្គារ។ ការចោទប្រកាន់នេះ ធ្វើឲ្យមានភាពតានតឹងបន្ថែមរវាងមហាអំណាចទាំងពីរ។
ចិនបានថ្កោលទោសជាយូរមកហើយ ចំពោះសកម្មភាពស៊ើបការណ៍របស់អាមេរិច ខណៈដែលអាមេរិចបានត្អូញត្អែរ ពីការហោះរារាំងដោយគ្មានសុវត្ថិភាពីសំណាក់យន្តហោះរបស់ចិន។
ក្រសួងការពារជាតិចិនបាននិយាយថា ការហោះហើររបស់យន្តហោះអាមេរិច U-2 ដោយគ្មានការអនុញ្ញាតលើតំបន់គ្មានការហោះហើរ នៅតំបន់យោធាចិនដែលកំពុងធ្វើសមយុទ្ធ “ជាការរំខាន់យ៉ាងធ្ងន់ធ្ងរទៅដល់សកម្មភាពសមយុទ្ធ”។
ក្រសួងការពារជាតិចិននិយាយទៀតថា បញ្ហានេះអាចបណ្តាលឲ្យមានការយល់ច្រឡំ ឬក៏ឧបទ្ទវហេតុកើតឡើងនឹកស្មានមិនដល់។
“វាជាសកម្មភាពបង្កហេតុ ហើយចិនប្រឆាំងដាច់ខាងចំពោះសកម្មភាពនេះ ហើយចិនបានដាក់ការប្រឆាំងជំទាស់ ជាមួយភាគីអាមេរិចរួចរាល់ហើយ”។
នៅក្នុងសេចក្តីប្រកាស យោធាអាមេរិចនិយាយថា ការហោះហើររបស់ U-2 ត្រូវបានធ្វើឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីភិច ហើយវាស្ថិតក្នុងច្បាប់អន្តរជាតិ និងត្រឹមត្រូវតាមច្បាប់ នៃការគ្រប់គ្រងការហោះហើររបស់យន្តហោះ។
យោធាអាមេរិចបន្តទៀតថា “បុគ្គលិកកងទ័ពអាកាសប៉ាស៊ីភិចនឹងបន្តការហោះហើរ និងប្រតិបត្តិការនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត និងពេលវេលានៃការជ្រើសរើសរបស់ពួកយើង”។
សូមបញ្ជាក់ថា យន្តហោះ U-2 អាចធ្វើការហោះហើរបានកម្ពស់ ២១គីឡូម៉ែត្រ និងអាចធ្វើសកម្មភាពស៊ើបការណ៍ពីចំងាយបាន ហើយមិនចាំបាច់ហោះចូលតំបន់គ្មានការហោះហើរឡើយ (No-fly zone)។
បច្ចុប្បន្ន ចិនកំពុងតែធ្វើសមយុទ្ធយោធានៅសមុទ្រ Bohai។ ចិនក៏កំពុងធ្វើសមយុទ្ធនៅសមុទ្រលឿន និងសមុទ្រចិនខាងត្បូងផងដែរ៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ Reuters