ប្រទេសកូរ៉េខាងត្បូងបានរកឃើញការឆ្លងវីរុស COVID-19 ថ្មីចំនួន ៤៤១ករណី គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ដែលវាគឺជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតគិតតាំងពីដើមខែមីនាមក។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺនៅថ្ងៃព្រហស្បតិ៍នេះ។
ក្នុងចំណោមការឆ្លងថ្មី មាន ៤៣៤ករណីឆ្លងនៅក្នុងស្រុក។ ការឆ្លងថ្មីដ៏ច្រើននេះ បានធ្វើឲ្យតួលេខឆ្លងសរុប នៅក្នុងប្រទេសនេះកើនដល់ ១៨.៧០៦នាក់ និងមានអ្នកស្លាប់ ៣១៣នាក់។
កាលពីដើមសប្តាហ៍នេះ កូរ៉េខាងត្បូងបានប្រកាសបិទសាលារៀនទាំងអស់ នៅក្នុងក្រុងសេអ៊ូល និងតម្រូវឲ្យមានការពាក់ម៉ាសមុខទាំង ទាំងនៅខាងក្នុង និងនៅតាមទីសាធារណៈជាលើកដំបូង ដើម្បីទប់ស្កាត់ការផ្ទុះថ្មីជាច្រើនកន្លែង។
សូមរំលឹកថា វីរុសកូរ៉ូណា ដែលមានឈ្មោះផ្លូវការថា COVID-19 បានផ្ទុះចេញដំបូងពីទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ ២០១៩ និងបានរាតត្បាតយ៉ាងលឿនទៅកាន់ពិភពលោក។
គិតមកដល់ថ្ងៃព្រហស្បតិ៍នេះ ពិភពលោកយើងមានករណី COVID-19 ចំនួនជាង ២៤លានករណី និងអ្នកស្លាប់ជាង ៨២៩.០០០នាក់៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ Reuters