បាត់ដំបង៖លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ដោយសារឆ្នាំនេះ បរិមាណទឹកភ្លៀងតិច ធ្វើឲ្យទឹកតាមអាងខាងលើក្រពេញ ប៉ុន្តែរហូតមកពេលនេះ គឺតាមអាងមានទឹកច្រើនហើយ ពិសេសប្រភពស្តុកទឹកនៅខាងលើស្ទឹងសង្កែ ដោយកំណើនទឹកឡើងច្រើននេះ នៅអំឡុងខែកញ្ញាខាងមុខ អាចនឹងមានជំនន់ស្ទឹងសង្កែ។ មួយវិញទៀត សម្រាប់បឹងទន្លេសាបវិញ ទឹកជំនន់ទន្លេមេគង្គ ក៏បានចាប់ផ្ដើមហូរចូលបណ្ដើរៗហើយ ប៉ុន្តែចំពោះទឹកជំនន់ទន្លេសាបនេះ លោកមិនទាន់ហ៊ានអះអាងថា នឹងមានការជន់នាចបែកវាលដូចរាល់ឆ្នាំនោះទេ។ ប្រជាពលរដ្ឋរស់នៅជាប់នឹងដងស្ទឹងសង្កែ និងក្បែរបឹងទន្លេសាប នៅក្នុងខេត្តបាត់ដំបង ដែលប្រកបមុខរបរនេសាទ បានបង្ហាញនូវការព្រួយបារម្ភ ពីការខ្វះខាតត្រីបរិភោគនៅឆ្នាំ២០២០នេះ ខណៈជំនន់ទឹកស្ទឹងសង្កែ និងទឹកជំនន់បឹងទន្លេសាប មិនទាន់មានការជន់ឡើងដូចរាល់ឆ្នាំ។
ប្រជាពលរដ្ឋអ្នកនេសាទត្រី រស់នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បាននិយាយប្រាប់ថា នៅឆ្នាំនេះពិតជាមានភាពខុសប្លែកជាខ្លាំង រហូតមកដល់ចុងខែសីហាទៅហើយ នៅតែពុំទាន់មានជំនន់ទឹក ពីខាងលើនិងខាងក្រោម (ជំនន់ស្ទឹងសង្កែនិងជំនន់ទន្លេសាប) ខណៈឆ្នាំខ្លះមានជំនន់ស្ទឹងសង្កែនិងឆ្នាំខ្លះ មានជំនន់ទន្លេសាប ពួកគាត់ក៏អាចរកត្រីបានខ្លះៗ ប៉ុន្តែឆ្នាំ២០២០នេះ គឺគ្មានទឹកជំនន់ទាល់តែសោះ។ បើសិនជាមានទឹកជំនន់ខែនេះ នៅតំបន់ពួកគាត់ គឺមានទឹកបែកវាល អាចនេសាទត្រីបាន ទាំងនៅដងស្ទឹងសង្កែ តាមវាលស្រែ តាមបឹងបួរជាដើម។ ប៉ុន្តែឆ្នាំនេះអត់ទឹកជំនន់ ឧបករណ៍នេសាទត្រូវទុកចោល ដោយបញ្ហានេះ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ពីការប៉ះពាល់ជីវភាពនិងការខ្វះខាតត្រីសម្រាប់បរិភោគ។
លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឲ្យដឹងថា ដោយសារឆ្នាំនេះបរិមាណទឹកភ្លៀងតិច ធ្វើឲ្យទឹកតាមអាងខាងលើក្រពេញ ប៉ុន្តែរហូតមកពេលនេះ គឺតាមអាងមានទឹកច្រើនហើយ ពិសេសប្រភពស្តុកទឹកនៅខាងលើស្ទឹងសង្កែ ដោយកំណើនទឹកឡើងច្រើននេះ នៅអំឡុងខែកញ្ញាខាងមុខ អាចនឹងមានជំនន់ស្ទឹងសង្កែ។ មួយវិញទៀត សម្រាប់បឹងទន្លេសាបវិញ ទឹកជំនន់ទន្លេមេគង្គ ក៏បានចាប់ផ្ដើមហូរចូលបណ្ដើរៗហើយ ប៉ុន្តែចំពោះទឹកជំនន់ទន្លេសាបនេះ លោកមិនទាន់ហ៊ានអះអាងថា នឹងមានការជន់នាចបែកវាលដូចរាល់ឆ្នាំនោះទេ។
គួរបញ្ជាក់ថា ដោយសារគ្មានទឹកជំនន់ទន្លេសាប បានធ្វើឲ្យប្រជាពលរដ្ឋ រស់នៅជាប់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើការនេសាទ បាននាំគ្នាយកដីតំបន់៣ នៅជាប់នឹងដងស្ទឹងសង្កែ និងនៅតាមមាត់ព្រែកជាដើម កាប់រាន់ដាំដំណាំ ពិសេសដំណាំម្ទេស ដើម្បីលក់យកថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ៕ ដោយ ៖ អ៊ុងសារុំ