បាត់ដំបង ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជួនបុរស៤នាក់ ជួញដូររក្សាទុក និងម្នាក់ទៀតចាប់តាមដីកា និងថ្នាំម៉ាទឹកកកមួយថង់និង២២ថង់ នៅកន្លែងផ្សេងគ្នា សម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។
លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែលចាប់ឃាត់ខ្លួន៖ ករណីទី១ ឈ្មោះយុន ខាម ហៅង៉ុយ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិតាព្រួច សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះវុត សាវីន ភេទប្រុស អាយុ១៥ឆ្នាំរស់នៅភូមិតាព្រួច សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក១៦ថង់ សម្ភារមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១២និង១៥នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី១៤ ភូមិតាព្រួច សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ករណីទី២ ឈ្មោះគ្រីប សៀ ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិអូរដា ឃុំបួរ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក៦ថង់ សម្ភារមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១៧និង២០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី២២ ភូមិអូរត្រាវជួរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ករណីទី៣ ឈ្មោះឈួន ប្រិមប្រីយ៍ ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជនសង្ស័យម្នាក់នេះ ត្រូវកម្លាំងអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៦១២ ត ព្រចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិព្រៃអំពរ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង របស់ឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង។ ហើយចាប់ខ្លួនបានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរទាំង៣នេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ហើយ៕ ដោយ ៖ អ៊ុងសារុំ