ខេត្តស្វាយរៀង ៖ លោកអភិបាលរងខេត្តស្វាយរៀង បានណែនាំឲ្យលោកអភិបាលរងស្រុករមាសហែកថ្មី ត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។
នៅរសៀលថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០២០ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង លោក លឹម សុភាព ជាអភិបាលរងស្រុករមាសហែក និងមានការចូលរួមពី លោកនាយកការិយាល័យធនធានមនុស្សសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធានមន្ទីរ-អង្គភាព នានាជុំវិញខេត្ត និងមន្ត្រីដែរពាក់ព័ន្ធជាច្រើនរូបទៀត ។
លោក ហែម ពិសិដ្ឋ មានប្រសាសន៍ថា៖ ដោយបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
លោកអភិបាលរងខេត្តក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជា ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។ បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។ គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។ បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។ យកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។ ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ។ បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុង។ ស្រុក ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក។
បន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។ ខិតខំរួមសហការគ្នាអភិវឌ្ឍន៍ ស្រុកឲ្យកាន់តែមានការរីកចម្ររើនថែមទៀត ព្រមទាំងត្រូវចុះដោះស្រាយបញ្ហា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ។
លោកបានបញ្ជាក់ថា៖ មន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី និងប្រកាសចូលកាន់មុខតំណែង នាពេលនេះត្រូវបន្តបេសកកម្ម ចូលរួមសហការជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃ ក្នុងគោរពតាមឋានានុក្រម ដឹកនាំស្របតាមការបែងចែកភារកិច្ចទទួលខុសត្រូវឱ្យបានល្អ ៕ដោយ៖ វ៉ៃកូ