នាយកប្រតិបត្តិរបស់ក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បានទទួលខុសត្រូវ និងដាក់កំហុសលើក្រុមហ៊ុនលោក ដោយសារការខកខានក្នុងការលុបហ្វេសបុកផេក និងព្រឹត្តិការណ៍របស់ក្រុមជីវពល មុនពេលមនុស្សចំនួន ២នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងការតវ៉ាក្នុងទីក្រុង Kenosha។
លោកនិយាយថា វាគឺជាកំហុសដ៏ធំផ្នែកប្រតិបត្តិការ។
លោកបាននិយាយក្នុងវីដេអូទៅកាន់បុគ្គលិកថា ហ្វេសបុកផេក និងព្រឹត្តិការណ៍របស់ក្រុមនោះរំលោភគោលការណ៍របស់ហ្វេសប៊ុក ហើយដូច្នេះគួរតែត្រូវបានលុបចេញ បន្ទាប់ពីមានការប្តឹងជាច្រើនទាក់ទងនឹងលក្ខណៈហឹង្សារបស់ក្រុមនោះ។
ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះ បានលុបចោលផេករបស់កងឆ្មាំ Kenosha និងបញ្ជីព្រឹត្តិការណ៍ មួយថ្ងៃក្រោយពេលមានការបាញ់ប្រហារ។
កាលពីថ្ងៃពុធ ក្រុមហ៊ុនហ្វេសបុកបានធ្វើការលុបគណនេយ្យរបស់ក្មេងជំទង់ម្នាក់ ដែលរងការចោទប្រកាន់ពីបទបាញ់ប្រហារយ៉ាងសាហាវក្នុងអំឡុងការតវ៉ា។
យុវជនវ័យ ១៧ឆ្នាំនោះ ត្រូវបានចាប់ខ្លួនពីបទឃាតកម្ម ក្រោយពេលមនុស្សចំនួន ២នាក់ត្រូវបានបាញ់សម្លាប់ និងអ្នកទី ៣រងរបួស អំឡុងពេលមានការតវ៉ាប្រឆាំងប៉ូលិស នៅក្នុងទីក្រុង Wisconsin កាលពីយប់ថ្ងៃអង្គារ។
ហ្វេសបុកលើកឡើងថា “យើងបានកំណត់ការបាញ់ប្រហារនេះជាអំពើឃាតកម្មដ៏ធំ និងបានធ្វើការលុបគណនីជនបាញ់ប្រហារនោះចេញពីហ្វេសបុក និងអ៊ីនស្តាក្រាម (Instagram)”។
មនុស្ស ២នាក់បានស្លាប់អំឡុងតវ៉ាក្នុងទីក្រុង Kenosha ដែលការតវ៉ាបានផ្ទុះឡើយបន្ទាប់ពីប៉ូលិសបានធ្វើការបាញ់បុរសស្បែកខ្មៅម្នាក់ ចំក្រោយខ្នងជាច្រើនគ្រាប់។
លោក Mark Zuckerberg និយាយថា មិនមានភស្ថុតាងណាមួយបញ្ជាក់ថា ខ្មាន់កាំភ្លើងនោះតាមដាន (Follow) ផេក Kenosha Guard ឡើយ៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ Reuters