តាកែវ៖ ករណីអំពើហឹង្សាក្នុងគ្រួសារ ដែលកើតឡើងចេញពីមូលហេតុភាគច្រើន ដោយសារភ្លើងប្រច័ណ្ឌ មួយរយៈដើមខែសីហា មកដល់ដើមខែកញ្ញា ឆ្នាំ២០២០ នៅក្នុងប្រទេសមានការកើនឡើងគួរឲ្យកត់សម្គល់ ខណៈដែលជនបង្កភាគច្រើនជាប្តីសម្លាប់ប្រពន្ធ ដោយថ្មីៗនេះ កាលពីថ្ងៃទី ៣ ខែកញ្ញា មានពីរករណីកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល លុះដល់ឆ្លងមកដល់ថ្ងៃទី៤ ខែកញ្ញា វេលាម៉ោង ២យប់ ក៏មានករណីប្តីយកពូថៅកាប់ប្រពន្ធ ៤ពូថៅ ក្នុងគោលបំណងសម្លាប់ តែមិនស្លាប់ ត្រូវបងប្អូនអ្នកជិតខាងជួយសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យទាន់ពេលវេលា រួចជនបង្កជាប្តីក៏រត់ទៅចងកសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ដេកតែម្តង ។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ២យប់ ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដែលបានបង្កឡើងដោយឈ្មោះ សែម បូណារ៉ា ភេទប្រុស អាយុ ៤៩ ឆ្នាំ មុខរបរ ជាមន្ត្រីយោធា នៅកងពលតូចលេខ៣១ រស់នៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បានយកពូថៅកាប់ប្រពន្ធឈ្មោះ ជឹម សុខុម ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា (ចំនួន៤ពូថៅបណ្តាលឲ្យរងរបួសធ្ងន់) ប៉ុន្តែត្រូវបានសាច់ញាតិ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបានទាន់ពេល។ ចំណែកជនសង្ស័យ ក្រោយធ្វើសកម្មភាព ហើយបានចូលក្នុងបន្ទប់ហើយបានយកក្រមាចងក នឹងចម្រឹងបង្អួចបណ្តាលឲ្យស្លាប់។
ចំពោះការសន្និដ្ឋានរបស់សមត្ថកិច្ចជាបឋម មូលហេតុមកពីជនបង្កមានជំងឺប្រចាំកាយ ហើយនឹងមានចិត្តប្រច័ណ្ឌប្រពន្ធរបស់ខ្លួនជាខ្លាំង ។
បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី និងជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕ ដោយ៖តាកែវ