ភ្នំពេញ ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ណុប គុជ, លោក វ៉ាន់ ប៊ុនថន និងលោកស្រី ណុប ចាន់លក្ខិណា មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់នូវវិវាទកិច្ចសន្យាលក់ទិញដីនិងផ្ទះមួយករណី បានដោយជោគជ័យ។
ចំពោះសំណុំរឿងពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញដីនិងផ្ទះនេះ បានអូសបន្លាយអស់រយៈពេល ៤ ឆ្នាំ និងគូភាគីធ្លាប់បានប្តឹងផ្តល់គ្នាទៅតុលាការជាន់ខ្ពស់ ប៉ុន្តែនៅមិនទាន់បានដោះស្រាយបញ្ចប់នៅទ្បើយ។ ក្រោយមក ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សា។
គូភាគី តាមរយៈមេធាវីជាតំណាងរបស់ខ្លួន បានចូលរួមក្នុងដំណើរការសម្រុះសម្រួលដោះស្រាយវិវាទ ក្រោមការដឹកនាំរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. តាំងពីពេលចាប់ផ្តើមនីតិវិធី រហូតឈានដល់ការឯកភាពគ្នាបញ្ចប់វិវាទ ហើយបានចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី